វៀតណាម នឹងតំឡើងពន្ធសាជីវកម្មទៅលើក្រុមហ៊ុន Samsung និងក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀត ដែលកំពុងវិនិយោគនៅប្រទេសរបស់ខ្លួន រហូតដល់ ១៥% ពីខែមករាឆ្នាំក្រោយ ដែលជាផ្នែកមួយនៃកំណែទម្រង់អត្រាពន្ធជាសកល។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។
ពន្ធសាជីវកម្មនៃប្រទេសវៀតណាម គឺធ្លាប់បានកំណត់រួចហើយ ដោយតម្រូវឲ្យក្រុមហ៊ុនបរទេសបង់ពន្ធ ២០% ប៉ុន្តែដោយសារចង់អូសទាញក្រុមហ៊ុនធំៗ វៀតណាមតែងតែធ្វើការលើកលែង ជាច្រើនឆ្នាំ ដែលធ្វើឲ្យអត្រាបង់ពន្ធរបស់ពួកគេ មានទាបខ្លាំងជាងការកំណត់។
ជាមួយគ្នា ផែនការទាមទារពន្ធថ្មី ដែលនឹងត្រូវដាក់ឲ្យអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ អ្នកជំនាញបានបង្ហើបថា រដ្ឋាភិបាលក៏បានសន្យាផ្ដល់អត្ថប្រយោជន៍ថ្មីៗ ជូនក្រុមវិនិយោគិនបរទេសផងដែរ ប៉ុន្តែការទាមទារបង់ពន្ធបន្ថែមភ្លាមៗនេះ អាចធ្វើឲ្យក្រុមហ៊ុនបរទេសនានា រារែកក្នុងការមកបណ្ដាក់ទុននៅវៀតណាម។
សូមជម្រាបដែរថា ជាមួយអត្រាបង់ពន្ធថ្មីនេះ វៀតណាមរំពឹងទទួលបានចំណូលបន្ថែម ពីក្រុមហ៊ុនបរទេសចំនួន ១២២ ដែលកំពុងរកស៊ីនៅក្នុងស្រុក ប្រហែល ១៤,៦ទ្រីលានដុង ឬប្រមាណ ៦០០លានដុល្លារ ក្នុងមួយឆ្នាំ៕