Elon Musk ទទួលបានការអញ្ជើញពីក្រុមហាម៉ាស សម្រាប់ទស្សនកិច្ចនៅតំបន់កាហ្សា

អន្តរជាតិ

មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស កាលពីថ្ងៃអង្គារកន្លងទៅ បានអញ្ជើញមហាសេដ្ឋីអាមេរិក លោក Elon Musk ទៅទស្សនកិច្ចនៅក្នុងតំបន់កាហ្សា ដើម្បីមើលពីទំហំនៃការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Osama Hamdan មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុង Beirut ថា ៖ ” យើងសូមអញ្ជើញលោក Musk មកទស្សនានៅតំបន់កាហ្សា ដើម្បីអាចមើលឃើញពីទំហំនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញ ដែលបាន​ប្រព្រឹត្តិ​ឡើងប្រឆាំងទៅនឹងប្រជាជនកាហ្សា “។

ជុំវិញការលើកឡើងនេះ បានកើតឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Musk បានទៅទស្សនាកន្លែងនៃការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ហើយបានប្រកាសពីការប្តេជ្ញាចិត្តរបស់លោក ដើម្បីធ្វើអ្វីតាមដែលអាចធ្វើបាន ក្នុងការបញ្ឈប់ការរីករាលដាលនៃទំហំស្អប់ខ្ពើមប្រឆាំងទៅនឹងជនជាតិជ្វីស។

លោក Osama បាននិយាយទៀតថា ៖ ” ក្នុងរយ:ពេល ៥០ ថ្ងៃកន្លងមកនេះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ៤០ ០០០ តោនទៅលើផ្ទះរបស់ប្រជាជនកាហ្សា ដែលគ្មានប្រព័ន្ធការពារ”។ ហើយលោកបានបន្តទៀតថា ៖ ” ខ្ញុំសូមអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល ហើយសូមបញ្ឈប់ការផ្គត់ផ្គង់អាវុធឲ្យពួកគេទៀត “។

ជម្រាបជូនផងដែរថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន គឺជាការបញ្ឈប់លើកដំបូងក្នុងការប្រយុទ្ធគ្នា ក្នុងរយៈពេល ៧ សប្តាហ៍ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១ ២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់។ ជាការឆ្លើយតបនឹងការវាយប្រហារនោះ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជុំវិញតំបន់កាហ្សា និងបានធ្វើការវាយលុកយ៉ាងធំសម្បើមនៅតំបន់ភាគខាងជើង៕