គណ:រដ្ឋមន្ត្រីថៃ អនុម័តដំឡើងប្រាក់ខែបន្ថែមជូនដល់មន្ត្រីរាជការ

អន្តរជាតិ

គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានធ្វើការអនុម័តទៅលើសំណើរបស់គណ:កម្មការសេវាកម្មស៊ីវិល (OCSC) ក្នុងការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរដ្ឋាភិបាល និងបុគ្គលិករដ្ឋចំនួន ១០% បន្ថែម សម្រាប់រយៈពេល ២ ឆ្នាំ ដើម្បីដោះស្រាយការរស់នៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះផែនការក្នុងការដំឡើងប្រាក់ខែនេះ នឹងចូលជាធរមានក្នុងខែឧសភា នៅពេលដែលវិក័យ​ប័ត្រថវិកាសារពើពន្ធឆ្នាំ ២០២៤ ត្រូវបានអនុម័តរួចរាល់ នៅខែមេសា ឆ្នាំក្រោយ។

​លោក Danucha Pichayanan អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានកត់សម្គាល់ថា ការដំឡើងប្រាក់បៀវត្សរ៍ថ្មីនេះ នឹងធានាបាននូវប្រាក់បៀវត្សរ៍ចាប់ពី ១៨ ០០០បាត (៥០០ដុល្លារ) សម្រាប់មន្ត្រីរាជការដែលត្រូវបានជ្រើសរើសថ្មី និងការកែសម្រួលប្រាក់បៀវត្សរ៍ឲ្យត្រូវគ្នា នៅក្នុងប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការដែលមានស្រាប់។

ជម្រាបជូនផងដែរថា ប្រទេសថៃមានបុគ្គលិករដ្ឋប្រហែល ១,៦៨ លាននាក់ រួមទាំងគ្រូបង្រៀន និងបុគ្គលិកក្នុងវិស័យអប់រំចំនួន ៤២៧ ០០០ នាក់ មន្ត្រីរាជការចំនួន ៤២១ ០០០ នាក់ និងបុគ្គលិកយោធាចំនួន ៣២៥ ០០០ នាក់៕