កិច្ចប្រជុំកំពូល COP28 ដែលនឹងជជែកគ្នាពីប្រធានបទបម្រែបម្រួលអាកាសធាតុ ធ្វើឡើងនៅទីក្រុងឌូបៃ នឹងចាប់ផ្ដើមនាថ្ងៃនេះ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំពិភពលោកច្រើនជាង ១៦០ប្រទេស ដែលក្នុងនោះក៏រួមមានមហាសេដ្ឋីជាច្រើនផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន SkyNews បានបង្ហាញថា បញ្ជីឈ្មោះភ្ញៀវកិត្តិយសសម្រាប់ព្រឹត្តិការណ៍កំពូលនេះ គឺមានដូចជា ប្រធានាធិបតីស៊ីរី លោក Bashar al Assad ប្រធានក្រុមហ៊ុនប្រេងខ្នាតយក្សនៃសហព័ន្ធអារ៉ាប់រួម លោក Sultan al Jaber បេសកជនពិសេសនៃសហរដ្ឋអាមេរិក និងចិន លោក John Kerry និងលោក Xie Zhenhua មហាសេដ្ឋីអាមេរិក Bill Gates និងព្រះមហាក្សត្រនៃចក្រភពអង់គ្លេស King Charles។
ទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសស៊ីរី ទំនងមិនអាចចូលរួមកិច្ចប្រជុំមួយនេះឡើយ បន្ទាប់ពីមានប្រតិកម្មពីមហាជន ដែលអះអាងថា លោកមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី និងកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីប្រទេសបារាំង។
ជម្រាបបន្ថែមថា កិច្ចប្រជុំកំពូល COP28 គឺប្រមូលផ្ដុំដោយអ្នកនយោបាយមានមុខមានមាត់ និងធុរកិច្ចជនខ្នាតយក្សជាច្រើនរូប ខណៈគ្រប់បុគ្គលដែលចូលរួមទាំងអស់ មានក្ដីរំពឹងសម្រេចបានកិច្ចកុងត្រានានា ដែលមានតម្លៃខ្ទង់រយលានដុល្លារផងដែរ៕