យោងតាមស្ថាប័នស្រាវជ្រាវ និងវិភាគ Economist Intelligence Unit (EIU) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សិង្ហបុរី នៅតែបន្តជាប់ជាទីក្រុងដែលមានថ្លៃចំណាយជីវភាពខ្ពស់ជាងគេបំផុតរបស់ពិភពលោក នៅឆ្នាំ ២០២៣ នេះ ខណ:ទីក្រុង Zurich របស់ប្រទេសស្វីសហក់ឡើងមកឈរលេខ ២ ដោយនាំមុខលើទីក្រុងហ្សឺណែវ ញូវយ៉ក និងហុងកុង។
សិង្ហបុរីទទួលបានចំណាត់ថ្នាក់កំពូលតារាងនេះ ជាលើកទីប្រាំបួនហើយ ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយមកនេះ ដោយសារតែកម្រិតតម្លៃខ្ពស់នៅក្នុងសេវាកម្ម និងប្រភេទទំនិញជាច្រើន។
ទន្ទឹមនឹងនេះ សិង្ហបុរី ក៏មានតម្លៃដឹកជញ្ជូនខ្ពស់បំផុតក្នុងពិភពលោកផងដែរ ដោយសារតែការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលទៅលើចំនួននៃការប្រើប្រាស់រថយន្ត។ ហើយទីក្រុងនៅក្នុងតំបន់អាស៊ានមួយនេះ ក៏ស្ថិតក្នុងចំណោមទីក្រុងដែលមានតម្លៃថ្លៃបំផុតសម្រាប់ទំនិញជាច្រើនមុខ ដូចជាសម្លៀកបំពាក់ គ្រឿងទេស និងគ្រឿងស្រវឹងជាដើម។
យោងតាមស្ថាប័ន EIU បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ការហក់ឡើងមកឈរនៅលេខ២ របស់ទីក្រុង Zurich គឺត្រូវបានរួមចំណែកដ៏សំខាន់ ដោយសារតែភាពរឹងមាំនៃរូបិយប័ណ្ណហ្វ្រង់ស្វីស និងតម្លៃខ្ពស់សម្រាប់គ្រឿងទេស ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្ត។
ជម្រាបជូនផងដែរថា ទីក្រុងហ្សឺណែវ របស់ប្រទេសស្វីស ជាប់ក្នុងចំណាត់ថ្នាក់លេខ៣ ខណ:ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ជាប់លេខ៤ ទីក្រុងហុងកុងរបស់ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ៥ និងទីក្រុង Los Angeles ជាប់ចំណាត់ថ្នាក់លេខ៦ ៕