ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota ថ្មីៗនេះបានប្រកាសអំពីផែនការក្នុងការបោះទុនវិនិយោគទឹកប្រាក់ ៤០០លានដុល្លារបន្ថែម ក្នុងការសាងសង់រោងចក្រទីបីរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការដែលកំពុងមានកាកើនឡើងខ្លាំងនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រោងចក្រថ្មីដែលគ្រោងនឹងសាងសង់នេះ ត្រូវបានគេរំពឹងថាអាចនឹងបង្កើនការងារថ្មីៗចំនួន ២ ០០០ កន្លែង និងផលិតរថយន្តបានជាង ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយវានឹងធ្វើឲ្យ Toyota មានសមត្ថភាពផលិតរថយន្តសរុបបានដល់ទៅ ៤១០ ០០០ គ្រឿង ក្នុងមួយឆ្នាំឯណោះ នៅទីនោះ។
លោក Masakazu Yoshimura ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Kirloskar Motor ក្នុងប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “Toyota បន្តមានភាពវិជ្ជមានខ្ពស់ នៅលើទីផ្សារប្រទេសឥណ្ឌា។ ហើយចំពោះការពង្រីកនេះ អាចផ្តល់នូវសក្តានុពលជាច្រើន ក្នុងការរីកលូតលាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន ដែលជាដៃគូផ្គត់ផ្គង់បន្ថែមទៀតផងដែរ ” ។
ជម្រាបជូនផងដែរថា ចំពោះផែនការសាងសង់រោងចក្រថ្មីនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Toyota កំពុងប្រឈមមុខទៅនឹងកំណើនយឺតយ៉ាវ នៅក្នុងទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកខាងជើង និងការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនរថយន្តចិន នៅអាស៊ីអាគ្នេយ៍៕