លោក Henry Kissinger ជាមន្ត្រីការទូតដ៏ឆ្នើម មានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ និងជារដ្ឋលេខាធិការក្រោមប្រធានាធិបតីអាមេរិកពីររូប រួមទាំងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស បានទទួលមរណភាពហើយកាលពីថ្ងៃពុធ ក្នុងវ័យ ១០០ ឆ្នាំ។
យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រុមប្រឹក្សាភូមិសាស្ត្រនយោបាយ Kissinger Associates Inc បានបង្ហាញឲ្យដឹងថា លោក Kissinger បានទទួលមរណភាពនៅផ្ទះរបស់គាត់ ក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក។
លោក Kissinger ត្រូវបានគេស្គាល់ថាជាបុគ្គលដ៏ឆ្នើម និងបានបន្សល់ទុកនូវស្នាដៃជាច្រើន ក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយលោកតែងបានចូលរួមកិច្ចប្រជុំធំៗជាច្រើននៅសេតវិមាន និងបានបោះពុម្ពសៀវភៅស្តីពីរចនាប័ទ្មភាពជាអ្នកដឹកនាំ ក៏ដូចជាផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភា អំពីការគំរាមកំហែងអាវុធនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង ផងដែរ។
លោក Kissinger បានកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ១៩២៣ នៅទីក្រុង Furth ប្រទេសអាឡឺម៉ង់ ហើយលោកបានសម្រេចផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារ នៅក្នុងឆ្នាំ ១៩៣៨ នៅមុនពេលមានយុទ្ធនាការបោសម្អាតជនជាតិជ្វីប ពីសំណាក់របបណាស៊ីអាល្លឺម៉ង់។
អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅក្នុងពាក់កណ្តាលនៃសង្រ្គាមត្រជាក់ លោក Kissinger បានបង្កើតស្នាដៃនៅក្នុងព្រឹត្តិការណ៍ពិភពលោកជាច្រើន ដែលបានជួយផ្លាស់ប្តូរសម័យកាលនៃទសវត្សរ៍នោះ នៅពេលដែលលោកកំពុងបម្រើការជាទីប្រឹក្សាសន្តិសុខជាតិ និងជារដ្ឋលេខាធិការក្រោមការដឹកនាំរបស់ប្រធានាធិបតី Richard Nixon ។
លោក Kissinger ក៏មានភាពប៉ិនប្រសប់ខ្លាំងនៅក្នុងការទូតរបស់សហរដ្ឋអាមេរិកផងដែរ ដោយលោកបានចងចំណងមិត្តភាពជាមួយប្រទេសចិន ក៏ដូចជាបានធ្វើកិច្ចចរចាគ្រប់គ្រងអាវុធអាមេរិក-សូវៀត ពង្រីកទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាមួយវៀតណាមខាងជើង។
លុះដល់ឆ្នាំ ១៩៧៣ លោក Kissinger ត្រូវបានគេជ្រើសរើសឲ្យឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ភាពប៉ិនប្រសប់ និងបទពិសោធដ៏ឆ្នើមរបស់លោក ក្នុងកិច្ចការការទូតប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាការផ្តល់ពានរង្វាន់ដ៏រឿងចម្រូងចម្រាសបំផុតដែលមិនធ្លាប់មានផងដែរ ដោយសារតែការគាំទ្ររបស់លោកចំពោះរបបផ្តាច់ការប្រឆាំងកុម្មុយនិស្ត ជាពិសេសនៅអាមេរិកឡាទីន រួមទាំងជាអ្នកផ្តើមគំនិតជុំវិញការទម្លាក់គ្រាប់បែកដ៏សម្ងាត់របស់អាមេរិក មកលើកម្ពុជា នៅចុងវត្សន៍ឆ្នាំ៧០ជាដើម។
ជម្រាបជូនផងដែរថា នៅខែកក្កដាឆ្នាំ ២០២៣ កន្លងទៅ លោក Kissinger បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ដែលគ្រានោះលោក ស៊ី បានហៅលោក Kissinger ថាជាមិត្តសម្លាញ់៕