លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចិនបានដាក់គោលនយោបាយលើកលែងទិដ្ឋាការដល់ប្រទេសចំនួន៦ ចាប់ពីថ្ងៃទី១ ខែធ្នូ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។
ប្រជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសនៅតំបន់អឺរ៉ុបចំនួន៥ រួមមានបារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ និងប្រទេសអេស្បាញ អាចធ្វើដំណើរចូលប្រទេសចិនបាន ដោយពុំចាំបាច់មានទិដ្ឋាការ រយៈពេល ១៥ថ្ងៃ សម្រាប់ការធ្វើអាជីវកម្ម ទេសចរណ៍ ការធ្វើដំណើរជាលក្ខណៈគ្រួសារ ក៏ដូចជាការធ្វើដំណើរត្រឹមការឆ្លងកាត់ព្រំដែន។ លោកស្រីបានបន្ថែមថា វិធានការនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។
យ៉ាងណាមិញ នេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ប្រទេសចិន ក្នុងការកែលម្អគោលនយោបាយទិដ្ឋាការរបស់ខ្លួន។ ដោយកាលពីដើមខែវិច្ឆិកា ចិនបានបន្ថែមគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ៥៤ ដែលក្នុងនោះក៏រួមមានប្រទេសន័រវេសផងដែរ។
កន្លងមក ចិនក៏ធ្លាប់បានអនុញ្ញាតឲ្យពលរដ្ឋប្រ៊ុយណេ ជប៉ុន និងសិង្ហបុរីអាចធ្វើដំណើរចូលប្រទេសចិនបាន ដោយពុំចាំបាច់ទាមទារទិដ្ឋាការផងដែរ ប៉ុន្តែវិធានការនេះត្រូវបានផ្អាកវិញ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ។ តែលុះមកដល់ខែកក្កដាកន្លងទៅ វិធានការនេះត្រូវបានដំណើរការឡើងវិញ ចំពោះពលរដ្ឋដែលមកពីប្រទេសប្រ៊ុយណេ និងសិង្ហបុរី។
ជម្រាបផងដែរថា ចាប់តាំងពីដើមឆ្នាំមក ប្រទេសចិនបានអនុម័តវិធានការជាច្រើន រួមទាំងការលុបចោលរាល់ការធ្វើតេស្តជំងឺកូវីដ១៩ ហើយបានបញ្ឈប់ប្រតិបត្តិការស្នើសុំទិដ្ឋាការតាមអ៊ីនធឺណិត ដើម្បីធានាបាននូវបណ្តាញមួយដ៏រលូនសម្រាប់ជនបរទេស ដែលធ្វើដំណើរចូលទៅកាន់ប្រទេសចិន៕