ថៃ គ្រោងធ្វើការកែសម្រួលទៅលើការយកពន្ធភេសជ្ជ: ដើម្បីជំរុញដល់វិស័យទេសចរណ៍

អន្តរជាតិ

យោងតាមលេខាធិការហិរញ្ញវត្ថុអចិន្ត្រៃយ៍ លោក Lavaron Sangsnit បានមានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃ គ្រោងនឹងធ្វើការកែសម្រួលរចនាសម្ព័ន្ធពន្ធលើភេសជ្ជៈ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា លោក Lavaron គ្រោងនឹងអញ្ជើញមន្ត្រីមកពីនាយកដ្ឋានគយ និងនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាអំពីវិធានការនេះ ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបង្កើនការប្រើប្រាស់ និងទេសចរណ៍ក្នុងប្រទេស។

យោងតាមសេចក្តីរាយការណ៍ បានបង្ហាញថា​ចំពោះវិធានការទីមួយ គឺមានគោលបំណងលើកទឹកចិត្តដល់ការចំណាយក្នុងស្រុក ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស តាមរយ:ការលុបចោលពន្ធនៅតាមហាងនានាក្នុងតំបន់ទេសចរណ៍ ជាពិសេសនៅប្រលានយន្តហោះ ដើម្បីលើកទឹកចិត្តដល់ការចំណាយកាន់តែច្រើនរបស់ភ្ញៀវ ក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃ។

ដោយឡែកសម្រាប់វិធានការ​ទី​ពីរ​ គឺទាក់ទង​នឹង​ការ​កាត់​បន្ថយ​ពន្ធ​ភេសជ្ជៈ​ជាច្រើនប្រភេទ ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ក្នុង​ស្រុក ស្របពេលលោក Lavaron បានបង្ហើបឲ្យដឹងទៀតថា ក្រសួងការបរទេស ក៏កំពុងសិក្សាពីលទ្ធភាពនៃការបន្តគោលនយោបាយលើកលែងទិដ្ឋាការ ដល់ភ្ញៀវទេសចរមកពីប្រទេសជាច្រើនទៀត ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញផែនការដែលគ្រោងនឹងដាក់ចេញនេហ គឺមានគោលដៅគឺដើម្បីបង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់សហគ្រិន អាជីវកម្មទាក់ទងនឹង​វិស័យទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត និងអ្នកផ្តល់សេវាដឹកជញ្ជូន ជាដើម៕