រដ្ឋបាលទីក្រុងហ្សាកាតា ថ្មីៗនេះ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញថវិកាចំនួន ៦,៩ទ្រីលានរូពី (៤៤៦,៩លានដុល្លារ) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានីរបស់ខ្លួន ជាមួយនឹងការកែលម្អសេវាដឹកជញ្ជូនសធារណ:។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ប្រធានទីភ្នាក់ងារដឹកជញ្ជូនក្រុងហ្សាកាតា លោក Syafrin Liputo បានបង្ហាញឲ្យដឹងថា ការបញ្ចេញកញ្ចប់ថវិកាថ្មីនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កាតព្វកិច្ចសេវាសាធារណ: (PSO) ក៏ដូចជាទប់ស្កាត់ទៅលើការចតយានយន្តខុសច្បាប់ និងការត្រួតពិនិត្យលើចរាចរណ៍ក្នុងទីក្រុង។
លោក Liputo បាននិយាយទៀតថា រដ្ឋបាលទីក្រុងកំពុងផ្តោតលើការកែលម្អគុណភាព និងបរិមាណនៃការដឹកជញ្ជូនសាធារណៈក្នុងទីក្រុងហ្សាកាតា ដើម្បីផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលសម្រាប់សាធារណជន។
ជម្រាបជូនទៀតផងដែរថា ដោយបន្ថែមពីលើការគ្រប់គ្រងការកកស្ទះចរាចរណ៍ នៅមានកម្មវិធីអាទិភាពផ្សេងទៀត ដើម្បីជួយសម្រួលដល់ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាកាតា ដូចជាការគ្រប់គ្រងទឹកជំនន់ ការកាត់បន្ថយភាពក្រិន កាត់បន្ថយភាពក្រីក្រ ការពន្លឿនកំណើនសេដ្ឋកិច្ច និងការពង្រឹងតម្លៃលទ្ធិប្រជាធិបតេយ្យ ក៏ត្រូវបានដាក់ចេញដោយរដ្ឋបាលក្រុង ផងដែរ៕