ការនាំចេញផ្លែទុរេនរបស់ប្រទេសវៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ពោលត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ វៀតណាមទទួលបានទឹកប្រាក់ប្រហែល ២,១ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើមួយប្រភេទនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ការនាំចេញផ្លែទុរេនដ៏ច្រើនរបស់វៀតណាម គឺដោយសារផ្លែទុរេនកំពុងមានទីផ្សារខ្លាំងនៅប្រទេសចិន ខណៈក្នុងចំណោមផ្លែឈើដែលនាំចេញទាំងអស់របស់វៀតណាម ផ្លែទុរេនមានរហូតដល់ ៥១%ឯណោះ។
ក្នុងនោះផងដែរ ប្រទេសចិនសឹងតែជាអ្នកម៉ៅដាច់ការទិញទុរេនពីវៀតណាមទៅហើយ ពោលពួកគេទិញទុរេននាំចេញរបស់វៀតណាម ៩៧% សរុបជាទឹកប្រាក់ ១,៩ពាន់លានដុល្លារ ខណៈសាធារណរដ្ឋឆេក ទិញប្រមាណ ១០លានដុល្លារ។
សូមជម្រាបបន្ថែមថា បច្ចុប្បន្ន វៀតណាមកំពុងប្រជែងជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ទុរេនធំបំផុត សម្រាប់ប្រទេសចិន ខណៈប្រជាពលរដ្ឋក្នុងស្រុកក៏កំពុងសម្រុកដាំទុរេនច្រើនជាងមុន ដោយផ្ទៃដីនៃការដាំដំណាំមួយនេះ កើនពី ៩២ ០០០ហិកតា ក្នុងឆ្នាំ២០១០ មកដល់ ១៣១ ០០០ហិកតា គិតត្រឹមឆ្នាំ២០២៣នេះ៕