ក្រុមប្រឹក្សាអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឆ្នេរខាងកើត (ECERDC) បានកត់ត្រានៃការវិនិយោគជាក់ស្តែងចំនួន ១០,៩ ពាន់លានរីងហ្គីត នៅទីក្រុង Kelantan ប្រទេសម៉ាឡេស៊ី នារយៈពេល ១៥ ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bernama ។
ការវិនិយោគដែលសម្រេចបាន គឺតាមរយៈការខិតខំប្រឹងប្រែងជាប់លាប់កន្លងមករបស់ ECERDC ដោយសហការជាមួយអជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) និងរដ្ឋាភិបាលរបស់រដ្ឋ Kelantan ។
នាយកប្រតិបត្តិ ECERDC លោក Datuk Baidzawi Che Mat បាននិយាយថា ការវិនិយោគជាក់ស្តែងបានបង្កើតឱកាសការងារជិត ១ម៉ឺនកន្លែង និងឱកាសសហគ្រិនមានជាង ២ពាន់សម្រាប់ប្រជាជននៃរដ្ឋ Kelantan ។
លោកបានបន្ថែមថា ផ្នែកមួយដ៏សំខាន់របស់ ECERDC គឺធានាថានៅថ្ងៃអនាគតកុមារនៃរដ្ឋ Kelantan អាចជ្រើសរើស ឬស្វែងរកការងារ ទីកន្លែងស្នាក់នៅ និងការកម្សាន្តបាន ដោយពុំចាំបាច់ធ្វើការចំណាកស្រុកទៅបរទេស ហើយអាចងាកមកស្វែងរកឱកាសល្អៗនៅក្នុងតំំបន់វិញ។
ម្យ៉ាងវិញទៀត លោកបានកត់សម្គាល់ឃើញថា ECERDC ក៏កំពុងផ្តោតជាពិសេសលើការអភិវឌ្ឍន៍វិស័យកសិពាណិជ្ជកម្ម ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើនសន្តិសុខស្បៀងរបស់ប្រទេស ហើយនឹងអនុវត្តគម្រោងដាំដំណាំម្ទេសបែបពាណិជ្ជកម្មខ្នាតធំនៅក្នុងតំបន់មួយចំនួននៅ Jeli, Kaula Krai, Gua Musang និងតំបន់ Machang ដែលត្រូវបានអនុវត្តដោយក្រសួងសេដ្ឋកិច្ច។
ជាមួយគ្នានោះ លោក Mohd Nassuruddin បាននិយាយថា ចាប់តាំងពីបង្កើត ECERDC មក រដ្ឋ Kelantan បានទទួលអត្ថប្រយោជន៍ជាច្រើន ទាក់ទងនឹងការវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងគម្រោងភស្តុភារ និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដើម្បីជួយប្រជាជន។
លោកលើកឡើងបន្តថា យើងតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ECERDC ក្នុងការធ្វើឲ្យរដ្ឋ Kelantan ក្លាយជាគោលដៅវិនិយោគដ៏សាកសម ដោយសម្របសម្រួលនូវផែនការរបស់រដ្ឋាភិបាល និងផ្តល់នូវយន្តការសម្របសម្រួលការវិនិយោគយ៉ាងអំណោយផល ដើម្បីធានាថារដ្ឋមានភាពស្និទ្ធស្នាលជាមួយភាគីវិនិយោគិន៕