ថៃ និងហុងកុង ចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនជាលើកដំបូង

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសថៃ (BOT) និងអាជ្ញាធររូបិយវត្ថុហុងកុង (HKMA) នៅថ្ងៃចន្ទ ទី៤ ខែធ្នូនេះ បានចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនជាលើដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការទូទាត់តាមរយៈ QR Code ដែលមានឈ្មោះថា FPS x PromptPay នេះ នឹងផ្តល់ឲ្យអ្នកធ្វើដំណើររវាងទីក្រុងហុងកុង និងប្រទេសថៃ អាចប្រើប្រាស់សេវាទូទាត់សាច់ប្រាក់រួមគ្នាមួយ ដែលមានល្បឿនលឿន សុវត្ថិភាព និងមានភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់។

ទន្ទឹមនឹងនេះ យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ បាននិយាយថា អ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីវិធីសាស្ត្រទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាពនេះ ខណៈពេលដែលពាណិជ្ជករ ក៏នឹងទទួលបានមូលនិធិរបស់ពួកគេភ្លាមៗ។ ហើយសម្រាប់សេវាបង់ប្រាក់ថ្មីនេះ ក៏គួរតែអាចជួយគាំទ្របន្ថែមទៀតដល់សកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចរបស់ហុងកុង និងថៃផងដែរ។

ទេសាភិបាលធនាគារកណ្តាលថៃ (BOT) លោក Sethaput Suthiwartnaruput និងនាយកប្រតិបត្តិ HKMA លោក Eddie Yue បានហៅសេវាកម្មថ្មីនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ ក្នុងប្រព័ន្ធទូទាត់លឿនជាងមុន (FPS) នៅក្នុងការពង្រីកការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ៕​