សហរដ្ឋអាមេរិក បានធ្វើការសន្យាថានឹងផ្តល់ជូនមូលនិធិចំនួន ៣ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសក្រីក្រ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល និងការផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ដំណឹងនេះត្រូវបានកើតឡើង នៅពេលដែលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានធ្វើដំណើរទៅដល់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម សម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះកន្លងទៅ។
គួរឱ្យដឹងផងដែរថា ចំនួនទឹកប្រាក់ថ្មីនេះ នឹងត្រូវបន្ថែមពីលើមូលនិធិអាកាសធាតុបៃតង ដែលមានចំនួនទឹកប្រាក់សរុបប្រមាណ ២០ពាន់លានដុល្លារ ហើយជាមូលនិធិអន្តរជាតិដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីផ្តល់ការគាំទ្រដលល់សកម្មភាពអាកាសធាតុ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។
មិនតែប៉ុណ្ណោះ ដោយបន្ថែមពីលើការគាំទ្រទៅនឹងការសម្របខ្លួនជាមួយបម្រែបម្រួលអាកាសធាតុ មូលនិធិនេះ ក៏ផ្តល់ជាហិរញ្ញប្បទានដល់គម្រោងដើម្បីជួយប្រទេសនានា ក្នុងការផ្លាស់ប្តូរទៅរកថាមពលស្អាតផងដែរ។
ជម្រាបជូនផងដែរថា លោកស្រី Harris បានតំណាងឱ្យសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូល COP28 ជំនួសលោកប្រធានាធិបតី ចូ បៃឌិន រួមជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកជាច្រើនរូបទៀត ដែលរួមមានបេសកជនអាកាសធាតុលោក John Kerry និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតផងដែរ៕