នាថ្ងៃទី០៤ ខែធ្នូនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសថា នឹងមានការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ខណៈមន្ត្រីច្រើនជាង ១០នាក់ រួមទាំងមន្ត្រីហិរញ្ញវត្ថុផង ក៏ត្រូវបានផ្លាស់ប្ដូរដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។
ជាមួយគ្នាគេហទំព័រ Reuters ក៏បានចុះផ្សាយដែរថា មេដឹកនាំកូរ៉េខាងត្បូង បានសម្រេចតែងតាំង អតីតទីប្រឹក្សាសេដ្ឋកិច្ចលោក Choi Sang-mok ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ បន្តពីលោក Choo Kyung-ho។
បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងការងារ ក៏ប្រឈមនឹងការផ្លាស់ប្ដូរតួនាទី ខណៈប្រធាននិយតករហិរញ្ញវត្ថុ ក៏កំពុងមានហានិភ័យ ក្នុងការរក្សាតំណែងរបស់ខ្លួនផងដែរ។
សូមជម្រាបបន្ថែមថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ កើតឡើងក្រោយអត្រានៃការគាំទ្ររបស់ប្រជាពលរដ្ឋ ចំពោះប្រធានាធិបតី Yoon មានការធ្លាក់ចុះ ៣សប្ដាហ៍ផ្ទួនៗ ពោលធ្លាក់ពី ៣៦% កាលពីសប្ដាហ៍មុន មកនៅត្រឹម ៣២%ប៉ុណ្ណោះនាសប្ដាហ៍នេះ៕