ទោះកំពុងរងទណ្ឌកម្មសេដ្ឋកិច្ច តែមហាសេដ្ឋីរុស្ស៊ីនៅបន្តកើបលុយបានក្រាស់ក្រែល

អន្តរជាតិ

មហាសេដ្ឋីរុស្ស៊ីបានសំងំកើបលុយច្រើនសន្ធឹកនៅក្នុងឆ្នាំ២០២៣នេះ បើទោះជាពួកគេកំពុង​រងទណ្ឌកម្មសេដ្ឋកិច្ចពីមហាអំណាចលោកខាងលិច ជុំវិញបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យទទួលបានពីគេហទំព័រ Bloomberg Billionaires Index បានបង្ហាញថា គិតតាំងពីខែមករា រហូតដល់ដើមខែធ្នូនេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីមានការកើនឡើង ប្រហែល ៣៨,៦ពាន់លានដុល្លារ។

ក្នុងនោះមហាសេដ្ឋី Vagit Alekperov ស្ថាបនិកក្រុមហ៊ុន Lukoil កើបលុយបានប្រហែល ៨,៨ពាន់លានដុល្លារ មានទ្រព្យសម្បត្តិសរុប ២៤,២ពាន់លានដុល្លារ ជាអ្នកមានដាច់គេទី៣ប្រចាំប្រទេស ខណៈលោក Leonid Mikhelson ក្លាយជាមហាសេដ្ឋីមានបំផុតទី២ នៅរុស្ស៊ី ជាមួយទ្រព្យសម្បត្តិ ២៧,២ពាន់លានដុល្លារ កើនប្រមាណ ២,៥ពាន់លានដុល្លារ។

ដោយឡែក ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតប្រចាំប្រទេសគឺលោក Vladimir Potanin វិញ ក៏មានការកើនឡើងខ្លះផងដែរ ប៉ុន្តែបើធៀបនឹងបុគ្គល ២រូបខាងលើ គឺតិចជាងគួរសម ពោល​កើនបានតែ ១,៩ពាន់លានដុល្លារ ខណៈបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ៣០,៥ពាន់លានដុល្លារ។

គួរជម្រាបបន្ថែមថា លោក Alekperov គឺជាអ្នកជំនួញខ្នាតយក្សលើវិស័យប្រេង ខណៈលោក Mikhelson គឺជាម្ចាស់ក្រុមហ៊ុន Novatek ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុតមួយលើលោក ស្របពេលអ្នកមានដាច់គេ និងជាអតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Potanin វិញ គឺជាម្ចាស់ក្រុមហ៊ុនផលិត និងជីករ៉ែនីកែលធំបំផុតលើលោក៕