ប្រទេសចិនបានដាក់ក្ដីរំពឹងខ្ពស់ថា នឹងអាចបង្កើនទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប សម្រាប់កិច្ចប្រជុំទ្វេភាគី ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នា ប្រមុខការទូតចិន លោក វ៉ាង យី ក៏បានបង្ហើបឲ្យដឹងដែរថា ទាំងចិន និងអឺរ៉ុប គួរតែព្យាយាមរក្សាចំណងមិត្តភាពមួយនេះ និងបង្កើនទំនាក់ទំនងទ្វេភាគី ខណៈគោលនយោបាយរបស់ចិនចំពោះ EU គឺនៅតែរក្សាស្ថិរភាពបានល្អដូចដើម។
“ចិន និង EU នៅមិនទាន់មានការឯកភាពគ្នាពេញទំហឹងលើបញ្ហាអន្តរជាតិ និងក្នុងតំបន់ខ្លះនៅឡើយ ដូច្នេះហើយមានតែការប្រកាន់ខ្ជាប់ នូវការប្រាស្រ័យទាក់ទងគ្នា ទើបពួកយើងអាចរក្សាស្ថិរភាព និងសន្តិភាពពិភពលោក ប្រយុទ្ធប្រឆាំងនឹងបញ្ហាសកលបាន”។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើង។
សូមជម្រាបបន្ថែមថា ចិន និងសហភាពអឺរ៉ុប ត្រៀមបើកកិច្ចប្រជុំទ្វេភាគីមួយនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោមការចូលរួមពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ខណៈភាគីទាំងសងខាង គ្រោងជជែកគ្នាពីបញ្ហាពាណិជ្ជកម្មនានាដូចជា ការស៊ើបអង្កេតរបស់ EU លើការផលិតរថយន្តអគ្គិសនីចិន និងការស៊ើបអង្កេតលើវិស័យឧស្សាហកម្មដែកថែបរបស់ចិនជាដើម៕