មេធំក្រុមហ៊ុន Facebook ប្រកាសលក់ភាគហ៊ុនលើកដំបូង ក្នុងតម្លៃជាង ១៨០លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg កំពុងលក់ភាគហ៊ុននៅក្រុមហ៊ុន Meta Platforms Inc ជាលើកដំបូង ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ មានការហក់ឡើងខ្លាំងតាំងពីឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Meta បានបញ្ចេញភាគហ៊ុនប្រហែល ៦៨២ ០០០ហ៊ុន ដែលមានតម្លៃប្រហែល ១៨៥លានដុល្លារ ខណៈវាគឺជាការលក់ភាគហ៊ុនដំបូងរបស់មហាសេដ្ឋីអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នា គិតត្រឹមចុងខែវិច្ឆិកានេះ ភាគហ៊ុននៃក្រុមហ៊ុន Meta មានការកើនឡើងប្រហែល ១៧២% ខ្ពស់ជាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់ នៅសហរដ្ឋអាមេរិក។

សូមជម្រាបបន្ថែមថា ភាគហ៊ុនរបស់ក្រុមហ៊ុន Meta កំពុងហក់ឡើងខ្ពស់ និងរំកិលទៅកាន់ចំណុចកំពូលបំផុតរបស់ខ្លួន កាលពីឆ្នាំ២០២១ ដែលមានតម្លៃខ្ពស់ជាង ៣៧៨ដុល្លារនាពេលនោះ ខណៈបច្ចុប្បន្នតម្លៃហ៊ុនគឺ ៣២០ដុល្លារ៕