ប្រធានាធិបតីប្រេស៊ីលអញ្ជេីញលោកពូទីន​ ឲ្យចូលរួមវេទិកា​ G20 នៅឆ្នាំក្រោយ

អន្តរជាតិ

យោងតាមទីភ្នាក់ងារសារព័ត៌មាន​ RT បានរាយកាណ៍ថា​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលបានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីលនាឆ្នាំក្រោយ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំប្រទេសប្រេស៊ីលរូបនេះបានបន្ថែមទៀតថា​ លោកមិនមានឥទ្ធិពលលើប្រព័ន្ធតុលាការប្រេស៊ីលទាក់ទងនឹងការអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទាក់ទងនឹងមេដឹកនាំរុស្ស៊ីនោះទេ។

​ថ្លែង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​អង្គារ​ លោក Lula បាន​បញ្ជាក់​ថា ទោះបីជាលោក Putin ទៅ ឬ​មិន​ទៅក៏ដោយ​ លោក​ត្រូវតែអញ្ជេីញគាត់​ ដើម្បី​ឲ្យចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ដែល​គ្រោង​នឹង​ធ្វើ​ឡេីងនៅ​ទីក្រុង Rio de Janeiro ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៤​ ខាងមុខ។

មួយវិញទៀត​ បេីរំលឹកកាល​ពី​ខែ​កញ្ញាកន្លងទៅ​ ប្រធានាធិបតី​ប្រេស៊ីល​រូបនេះបាន​និយាយ​ថា លោកពូទីន អាច​ទៅ​ប្រេស៊ីល​បាន​យ៉ាង​ងាយ​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិផ្សេងៗ។ គាត់បាននិយាយនៅពេលនោះថា ប្រសិនបើខ្ញុំនៅតែកាន់តួនាទីជាប្រធានាធិបតី​ ហើយគាត់មកទីនេះ វាគ្មានផ្លូវដែលគាត់នឹងត្រូវចាប់ខ្លួននោះទេ។

យ៉ាងណាមិញ​ ប្រេស៊ីលគឺជាសមាជិកដើមដំបូងនៃ ICC ខណៈកាលពីខែមីនាបានចោទប្រកាន់ទាំងលោកពូទីន និងលោកស្រី Maria Lvova-Belova ដែលជាស្នងការរបស់ប្រទេសទទួលបន្ទុកសិទ្ធិកុមារ ទាក់ទិនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដែលពាក់ព័ន្ធនឹងការនិរទេសដោយខុសច្បាប់របស់កុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។

មន្ត្រីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ការសម្រេចចិត្តជម្លៀសកុមារអ៊ុយក្រែនចេញពីតំបន់ជម្លោះគឺផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាព ដោយបានរំលឹកឡើងវិញថា អនីតិជននឹងត្រូវប្រគល់ជូនឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់វិញភ្លាមៗតាមការស្នើសុំ៕