ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី នឹងចុះហត្ថលេខាលើសន្ធិសញ្ញានៅទីក្រុងតូក្យូនាសប្តាហ៍ក្រោយ ដើម្បីបង្កើតអង្គការ និងក្រុមឧស្សាហកម្មរួមគ្នាមួយ សម្រាប់ការអភិវឌ្ឍន៍យន្តហោះចម្បាំងឲ្យមានបច្ចេកវិទ្យាកាន់តែខ្ពស់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters ។
ស្ថាប័នអន្តររដ្ឋាភិបាល នឹងត្រួតពិនិត្យលើការបណ្តាក់ទុនរបស់ក្រុមឧស្សាហកម្ម ដែលដឹកនាំដោយ BAE Systems Plc របស់ចក្រភពអង់គ្លេស ក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន និងក្រុមហ៊ុន Leonardo របស់អ៊ីតាលី។ ដោយក្រុមហ៊ុនទាំងនេះ នឹងបែងចែកការងារតាមផ្នែកផ្សេងៗគ្នា ចំពោះកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យានៃយន្តហោះចម្បាំងបំបាំងកាយ (GCAP) លើការអភិវឌ្ឍន៍ផ្នែកម៉ាស៊ីន និងប្រព័ន្ធបញ្ជាយន្តហោះជាដើម។
ដោយឡែក កាលពីខែកញ្ញាប្រភពពី Reuters បានបង្ហាញថា ប្រទេសទាំងបីគ្រោងនឹងជ្រើសយកចក្រភពអង់គ្លេស ធ្វើជាទីស្នាក់ការកណ្តាលរបស់ GCAP ។ ម្យ៉ាងវិញទៀត GCAP ក៏អាចស្វាគមន៍ប្រទេសផ្សេងទៀតដែលជាដៃគូក្មេងខ្ចី ជាមួយអារ៉ាប៊ីសាអូឌីតក្នុងចំណោមគូប្រជែង ព្រោះវាអាចនឹងនាំមកនូវប្រាក់ចំណេញ និងទីផ្សារផងដែរ។
ជាមួយគ្នានោះ ក្រុមហ៊ុនផ្សេងៗទៀតដែលចូលរួមក្នុងគម្រោងនេះ ក៏រួមមានក្រុមហ៊ុនផលិតកាំជ្រួចអឺរ៉ុប MBDA ក្រុមហ៊ុនផលិតយន្តហោះជប៉ុន Mitsubishi Electric Corp ក្រុមហ៊ុនផលិតម៉ាស៊ីន Rolls-Royce Plc ក្រុមហ៊ុន IHI និងក្រុមហ៊ុន Avio Aero៕