នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃ (DSI) បានផ្តល់ពេល ៣០ថ្ងៃ ដល់ផ្សារទំនើប Makro ដើម្បីធ្វើការពន្យល់អំពីការចោទប្រកាន់កន្លងមកថា ខ្លួនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន ដែលមានម្ចាស់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធខុសច្បាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។
លោកឧត្តមសេនីយ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់ DSI បាននិយាយថា នាយកដ្ឋានបានកំណត់រយ:ពេល ៣០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃចន្ទ (ទី៤ ខែធ្នូ) ដែលកំពុងដឹកនាំការស៊ើបអង្កេតជុំវិញករណីនេះ។
លោក Natapol បានបន្តទៀតថា នៅពេលដែលនាយកដ្ឋានបានទាក់ទងទៅក្រុមហ៊ុន Makro កាលពីខែមុន ពួកគេបានស្នើសុំពន្យាពេលដោយគ្មានកាលកំណត់ ដើម្បីធ្វើការពន្យល់ជុំវិញករណីនេះ ដោយអះអាងថាត្រូវការពេលវេលាដើម្បីរៀបចំឯកសារ។
លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងផ្សារទំនើប Makro ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ CP Extra Plc បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធថាខ្លួនមិនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd ទៀតនោះឡើយ។
គួរឱ្យដឹងផងដែរថា ប្រធានក្រុមហ៊ុន Wealthy & Healthy Foods Co Ltd គឺលោក Wirat វ័យ ៦៩ ឆ្នាំ និងកូនប្រុស គឺលោក Thanakrit វ័យ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិនៅមួយថ្ងៃមុននេះ ដោយអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទរត់ពន្ធសាច់ជ្រូកបង្កករាប់ពាន់តោន ពីប្រទេសជិតខាង ចន្លោះឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២៣ នេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងផ្សារទំនើប Makro បាននិយាយថា ខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុនខាងលើនេះ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមកម្លេះ បន្ទាប់ពីដឹងថាផលិតផលនេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់វា ខណ:ពេលដែល Makro ក៏បានបញ្ឈប់ការទិញថ្លើមជ្រូកពីក្រុមហ៊ុននេះផងដែរ ដោយបន្ថែមថា ការបញ្ជាទិញដែលប្រើក្នុងការចោទប្រកាន់ទាំងនេះ គឺជាទំនិញចាស់ដែលនៅសល់ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ផ្សារទំនើប Makro បានទទូចថា ខ្លួនមានឆន្ទៈក្នុងការចូលរួមសហការជាមួយអាជ្ញាធរ នៅក្នុងការស៊ើបអង្កេតទៅលើប្រតិបត្តិការរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់នេះ៕