រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Nusantara កំពុងស្ថិតក្រោមការសាងសង់នៅតំបន់កោះ Borneo លើផ្ទៃដីប្រមាណ ២៦០ ០០០ហិកតា ធំជាងរដ្ឋធានីហ្សាកាតាសព្វថ្ងៃ រហូតដល់ ៤ដងឯណោះ ខណៈគម្រោងការខ្នាតយក្សមួយនេះ ក៏កំពុងតែអូសទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេសជាច្រើនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា កាលពីខែមិថុនាកន្លងទៅ ប្រធានាធិបតី ចូកូ វីដូដូ បានប្រាប់ទៅកាន់វិនិយោគិនជនជាតិសិង្ហបុរីថា គម្រោងការរដ្ឋធានី Nusantara គឺជាឱកាសមាស ក្នុងការបណ្ដាក់ទុន ដ្បិតផែនការសាងសង់ទីក្រុងថ្មីនេះ គឺមានកញ្ចប់ចំណាយរហូតដល់ ៣២ពាន់លានដុល្លារឯណោះ។
ជាមួយគ្នា មហាសេដ្ឋីឥណ្ឌូណេស៊ីច្រើនរូប សុទ្ធតែបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅទីនោះ តួយ៉ាងកាលពីខែកក្កដា គ្រួសារត្រកូល Ciputra បានប្រកាសពីផែនការវិនិយោគលើផ្ទៃដីប្រមាណ ៣០០ហិកតានៅរដ្ឋធានីថ្មី សម្រាប់ការសាងសង់លំនៅឋាន សណ្ឋាគារ អគារប្រជុំ កន្លែងលេងកូនហ្គោលជាដើម ប៉ុន្តែមិនបញ្ជាក់ពីកញ្ចប់ចំណាយនៅឡើយទេ។
បន្ថែមពីនោះ កាលពីខែកញ្ញា ប្រធានាធិបតីឥណ្ឌូណេស៊ីក៏ធ្លាប់ប្រកាសដែរថា ក្រុមមហាសេដ្ឋីឥណ្ឌូណេស៊ី យល់ព្រមបណ្ដាក់ទុនប្រមាណ ១,៣ពាន់លានដុល្លារ សម្រាប់សំណើអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះ ដែលស្នើឡើងដោយរដ្ឋាភិបាល។
រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នមានប្រហែល ៣០០ក្រុមហ៊ុនទូទាំងពិភពលោក កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅរដ្ឋធានីថ្មី ប៉ុន្តែកិច្ចព្រមព្រៀងផ្លូវការនៅមិនទាន់សម្រេចនៅឡើយទេ។
ជម្រាបបន្ថែមថា រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី Nusantara គឺមានគម្រោងចំណាយ ៣២ពាន់លានដុល្លារ និងបែងចែកការសាងសង់ជា ៥ដំណាក់កាល ខណៈដំណាក់កាលទីមួយចាប់ផ្ដើមកាលពីឆ្នាំ២០២២ គ្រោងបញ្ចប់នាឆ្នាំក្រោយ ស្របពេលគម្រោងការខ្នាតយក្សមួយនេះ គ្រោងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០៤៥៕