បងប្អូនមហាសេដ្ឋី Issa គឺលោក Zuber និងលោក Mohsin បានប្រកាសលក់ហាងមាន់បំពង KFC នៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ ២១៨ហាង ដើម្បីយកប្រាក់សងបំណុលរបស់ពួកគេ។
យោងតាមការចុះផ្សាយពីគេហទំព័រ Telegraph បានបង្ហាញថា ក្រុមហ៊ុនរបស់មហាសេដ្ឋីទាំង២ គឺ EG Group បានសម្រេចលក់ហាងទាំងអស់នោះ ទៅកាន់ក្រុមហ៊ុន Yum Brands ដែលជាក្រុមហ៊ុនមេនៃហាងលក់អាហារសម្រន់ល្បីៗដូចជា KFC, Pizza Hut និង Taco Bell ជាដើម។
ដំណើរការនៃការលក់ហាងច្រើនជាង ២០០កន្លែង របស់មហាសេដ្ឋីទាំង២រូបនេះ គឺគ្រោងនឹងបញ្ចប់នៅឆមាសទីមួយ នាឆ្នាំក្រោយ ប៉ុន្តែទំហំទឹកប្រាក់ដែល EG Group នឹងទទួលបាន មិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយទេ។
គួររំលឹកបន្តិចថា បំណុលរបស់ EG Group គឺមានរហូតដល់ ៩,៦ពាន់លានដុល្លារ កាលពីចុងឆ្នាំទៅ ប៉ុន្តែកាលពីខែមុន ពួកគេបានប្រកាសថា បំណុលរបស់ខ្លួនបច្ចុប្បន្នគឺមានតែ ៥,៧ពាន់លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីលក់ទ្រព្យសម្បត្តិខ្លះ ដើម្បីរំលោះបំណុល៕