សិង្ហបុរី និងចិន ព្រមព្រៀងគ្នាលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរណ៍ប្រទេសទាំង២

អន្តរជាតិ

នាថ្ងៃទី០៧ ខែធ្នូនេះ ប្រទេសសិង្ហបុរី និងចិន បានប្រកាសពីផែនការលើកលែងទិដ្ឋាការ រយៈពេល ៣០ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍ប្រទេសទាំង២ ដើម្បីបង្កើនកំណើនទេសចរណ៍​នៅប្រទេសរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងមួយនេះ សម្រេចបាន​អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) លើកទី១៩ ដែលជាកិច្ចប្រជុំទ្វេភាគីជាន់ខ្ពស់បំផុត រវាងចិន និងសិង្ហបុរី ដែលបានធ្វើនៅទីក្រុងធានជីង ប្រទេសចិន។

អំឡុងកិច្ចប្រជុំនោះផងដែរ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានប្រាប់ទៅកាន់​ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ថា បច្ចុប្បន្នចំនួននិស្សិតចិន ដែលកំពុងសិក្សានៅទីក្រុងសាំងហ្គាពួរ មានលើសពី ៤ម៉ឺននាក់ ខណៈផែនការលើកលែង​ទិដ្ឋាការ​រយៈពេល ៣០ថ្ងៃនេះ នឹងបង្កើនកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំង២ កាន់តែច្រើនជាងមុនទៀត។

គួររំលឹកបន្តិចថា បច្ចុប្បន្នប្រជាជនចិន ត្រូវការស្នើសុំទិដ្ឋាការដើម្បីចូលដល់ប្រទេសសិង្ហបុរី ប៉ុន្តែសម្រាប់លិខិតឆ្លងដែនប្រជាជនសិង្ហបុរីវិញ គឺអាចអនុញ្ញាតិឲ្យពួកគេ ធ្វើដំណើរនៅក្នុងប្រទេសចិន រយៈពេល ១៥ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការឡើយ៕