រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មី និងចោទប្រកាន់ទៅលើជនជាតិម៉ិកស៊ិកមួយចំនួន ទាក់ទងនឹងការទប់ស្កាត់លំហូរនាំចូលអាភៀនទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាអំពាវនាវឲ្យរដ្ឋាភិបាលម៉ិកស៊ិក ជួយចាត់វិធានការជុំវិញរឿងនេះផង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reutersបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិក ជាលើកដំបូងតាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២១ ហើយលោកស្រីបានប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលចំនួន ១៥រូប និងក្រុមហ៊ុនចំនួន ២ ដែលពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀន Beltrn Leyva។
អាមេរិកបានចាត់ទុកក្រុម Beltran Leyva Organization ជាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតមួយលើលោក និងជាអ្នកផ្គត់ផ្គង់អាភៀន និងគ្រឿងញៀនប្រភេទកូកាអ៊ីនធំជាងគេ ទៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ។
ជាមួយគ្នា លោកស្រី Yellen ក៏បានសំណូមពរឲ្យរដ្ឋាភិបាលម៉ិកស៊ិក បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីរកវិធីសាស្ត្រផ្ដាច់លំហូរហិរញ្ញវត្ថុរបស់ក្រុមជួញដូរគ្រឿងញៀនមួយនេះ៕