ក្នុងដំណើរទស្សនកិច្ចដ៏កម្រ តើលោក ពូទីន ជជែកគ្នាអ្វីខ្លះ ជាមួយរាជទាយាទប្រទេសអារ៉ាប៊ីសាអូឌីត?

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះ បានជួបពិភាក្សាជាមួយរាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅទីក្រុងរីយ៉ាដ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅអារ៉ាប់រួមរួចរាល់ ខណ:នេះត្រូវបានគេចាត់ទុកថាជាធ្វើដំណើរដ៏កម្រមួយទៅក្រៅប្រទេសដ៏កម្រមួយរបស់មេដឹកនាំរុស្ស៊ីរូបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន និងព្រះអង្គម្ចាស់ Mohammed បានពិភាក្សាគ្នាច្រើនអំពីកិច្ចសហប្រតិបត្តិការ OPEC+ និងមានកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត។

គួរឲ្យដឹងថាកិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីការធ្លាក់ចុះនៃតម្លៃប្រេង ទោះបីជាមានការសន្យាចំពោះការកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀត ដោយអង្គការ OPEC+ និងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ីក៏ដោយ។

ជាលទ្ធផលនៃកិច្ចប្រជុំដ៏ធំនេះ លោក Peskov បានបញ្ជាក់ថា ៖ “យើងបាននិយាយម្តងទៀតអំពីកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការ OPEC+ ។ ហើយមានការស្របថាប្រទេសរបស់យើងទាំងពីរ មានទំនួលខុសត្រូវខ្ពស់ចំពោះអន្តរកម្មដើម្បីរក្សាទីផ្សារថាមពលអន្តរជាតិឲ្យស្ថិតនៅកម្រិតត្រឹមត្រូវ ក្នុងស្ថានភាពដែលអាចព្យាករបាន” ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA ក៏បាននិយាយផងដែរថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានធ្វើការសរសើរយ៉ាងខ្លាំង ចំពោះការសម្របសម្រួលរួមគ្នារវាងប្រទេសទាំងពីរ ដែលនេះគឺបានជួយលុបបំបាត់ភាពតានតឹងជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា។

មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ Mohammed និយាយថា ៖ “យើងបានចែករំលែកចំណាប់អារម្មណ៍ជាច្រើន និងឯកសារជាច្រើនដែលយើងកំពុងធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រទេសរុស្ស៊ី និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក៏ដូចជានៅមជ្ឈិមបូព៌ា និងពិភពលោកទាំងមូលផងដែរ”។

ជម្រាបជូនផងដែរថា បន្ទាប់ពីកិច្ចប្រជុំនេះ លោក ពូទីន បានអញ្ជើញព្រះអង្គម្ចាស់ Mohammed ឲ្យមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូវិញ និងថែមទាំងបាននិយាយទៀតថា ៖ “គ្មានអ្វីអាចរារាំងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរបស់យើងបានទេ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន និងការវាយតម្លៃជាមួយអ្នកដែលដឹងអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់។ ហើយកិច្ចប្រជុំរបស់យើងនេះ គឺពិតជាទាន់ពេលវេលា”៕