យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃពុធ ទី៦ ខែធ្នូកន្លងទៅថា ប្រទេសអ៊ីតាលី បានប្រកាសដកខ្លួនចេញជាផ្លូវការហើយពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ធ្លាប់បានបង្ហាញពីចេតនាក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ជាច្រើនដងរួចមកហើយ ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយ ខណ:ពេលដែលកាសែត Milan Corriere della Sera បានរាយការណ៍ថា សំបុត្រស្ដីពីការជូនដំណឹងអំពីការដកខ្លួនចេញជាផ្លូវការរបស់អ៊ីតាលី ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
គួរឲ្យដឹងថា អ៊ីតាលីបានក្លាយជាប្រទេសនៅក្នុងក្រុម G7 ដំបូងគេ ដែលបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើម ដែលដឹកនាំដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងឆ្នាំ ២០១៩ នៅពេលដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Five Star Movement បានផ្សព្វផ្សាយថាវាជាមធ្យោបាយដ៏សំខាន់មួយនៃការបង្កើនទំហំពាណិជ្ជកម្មជាមួយប្រទេសចិន ជាមួយនឹងការទទួលបានការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ហាក់មិនបានផ្តល់ផលប្រយោជន៍ធំអ្វីមកដល់រដ្ឋាភិបាលទិក្រុងរ៉ូមនោះឡើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ឱនភាពពាណិជ្ជកម្មរបស់អ៊ីតាលីជាមួយចិន បានកើនឡើងពី ២០ពាន់លានអឺរ៉ូ ដល់ ៤៨ពាន់លានអឺរ៉ូ ស្របពេលគម្រោងវិនិយោគនៅកំពង់ផែអ៊ីតាលី ដែលត្រូវបានគេនិយាយក្នុងគំនិតផ្តួចផ្តើមនេះ ក៏នៅមិនទាន់អាចសម្រេចបានផងដែរ។
ជម្រាបជូនផងដែរថា គំនិតផ្តួចផ្តើមនេះគឺពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនចិន ក្នុងការជួយសាងសង់ប្រព័ន្ធដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្រៅប្រទេស ដែលផ្តល់មូលនិធិតាមរយ:កម្ចីធនាគារអភិវឌ្ឍចិន។ ហើយរហូតមកដល់ពេលនេះ មានប្រទេសជាង ១៥០ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្សែក្រវាត់ និងផ្លូវជាមួយប្រទេសចិន៕