ចិន ចាប់ផ្តើមដាក់ដំណើរការម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ជំនាន់​ទី​៤ ​ដំបូង​គេបំផុតលើ​ពិភពលោក

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃពុធកន្លងទៅថា ប្រទេសចិន បានចាប់ផ្តើមដាក់ឲ្យដំណើរការនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ទី៤ ដែលជាប្រភេទម៉ាស៊ីនរ៉េអាក់ទ័រថ្មីដំបូងគេបង្អស់នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើប្រៀបធៀបជាមួយជំនាន់មុន ម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ទី៤ ថ្មីនេះ ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Shidaowan ស្ថិតនៅក្នុងខេត្ត Shangong ភាគខាងជើងប្រទេសចិន ហើយត្រូវបានរចនាជាពិសេសឡើងដើម្បីប្រើប្រាស់ឥន្ធន:ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានសុវត្ថិភាព នៅពេលដែលរដ្ឋាភិបាលចិន កំពុងព្យាយាមងាកទៅរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីឈានដល់គោលដៅបំភាយកាបូនត្រឹមកម្រិតសូន្យ នាពេលអនាគត។

ទីភ្នាក់ងារព័ត៌មាន Xinhua ក៏បាននិយាយផងដែរថា រោងចក្រថាមពលនុយក្លេអ៊ែរថ្មីនេះ ត្រូវបានចូលរួមអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនរដ្ឋ Huaneng , សាកលវិទ្យាល័យ Tsinghua និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន ។

ប្រទេសចិនមានគោលដៅផលិតថាមពលឲ្យបាន ១០% ពីនុយក្លេអ៊ែរ នៅឆ្នាំ ២០៣៥ និង ១៨% នៅឆ្នាំ ២០៦០ ប៉ុន្តែគិតត្រឹមខែកញ្ញាឆ្នាំនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ នៅតែមិនទាន់អាចសំរេចបានគោលដៅឆ្នាំ ២០២០ របស់ខ្លួន ក្នុងការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរ កម្លាំង ៥៨ ជីហ្គាវ៉ាត់បាននៅឡើយនោះទេ៕