មហាសេដ្ឋី និងជាអតីតប្រធានក្រុមហ៊ុន Binance លោក Changpeng Zhao ត្រូវតែមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក រហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយ ពោលអាជ្ញាធរអាមេរិកមិនតម្រូវឲ្យមហាសេដ្ឋីម្នាក់នេះ ចាកចេញពីប្រទេសឡើយ ព្រោះត្រូវរង់ចាំការកាត់ទោសពីតុលាការ ជុំវិញការល្មើសច្បាប់ប្រឆាំងនឹងការលាងលុយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កាលពីខែមុន Binance Holdings បានយល់ព្រមបង់ប្រាក់ពិន័យច្រើនជាង ៤,៣ពាន់លានដុល្លារ និងបានសារភាពពិតជាបានធ្វើខុសច្បាប់ ខណៈលោក Zhao ក៏យល់ព្រមទទួលកំហុស ហើយក៏ប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងយូរ ១៨ខែផងដែរ។
បច្ចុប្បន្ន ស្ថាបនិក Binance រូបនេះ គឺមានសិទ្ធរស់នៅក្រៅឃុំ ប៉ុន្តែតុលាការអាមេរិកបញ្ជាដាច់ខាតមិនឲ្យលោកចាកចេញពីសហរដ្ឋអាមេរិកឡើយ ដោយអនុញ្ញាតឲ្យធ្វើដំណើរបានគ្រប់រដ្ឋនៅអាមេរិក លើកលែងតែក្រៅប្រទេស រហូតដល់ចេញការកាត់ទោសជាផ្លូវការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
មូលហេតុដែលតុលាការ មិនអនុញ្ញាតឲ្យមហាសេដ្ឋីម្នាក់នេះចាកចេញពីអាមេរិក គឺដោយសារព្រួយបារម្ភថា លោកអាចនឹងរត់ទៅសំងំនៅទឹកដីអារ៉ាប់រួម ឬអាចរត់គេចវែសពីការកាត់ទោសរបស់សហរដ្ឋអាមេរិក៕