នាថ្ងៃទី០៨ ខែធ្នូនេះ ក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Aerospace បានបង្ហើបថា ពួកគេបានចុះកិច្ចកុងត្រាជាមួយប្រទេសអូស្ត្រាលី សម្រាប់ការផ្គត់ផ្គង់រថក្រោះចំបាំង ១២៩គ្រឿងរហូតដល់ឆ្នាំ២០២៨ សរុបជាទឹកប្រាក់ ៣,១៦ទ្រីលានវ៉ុន ឬប្រមាណ ២,៤ពាន់លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា អូស្ត្រាលីបានសម្រេចចុចឈ្មោះក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ជាអ្នកដេញថ្លៃឈ្នះលើគម្រោងដែលមានតម្លៃរហូតដល់ ៧ពាន់លានដុល្លារអូស្ត្រាលី ឬប្រហែល ៤,៦២ពាន់លានដុល្លារអាមេរិក ដែលអូស្ត្រាលីអះអាងថា ជាការបណ្ដាក់ទុនធំបំផុត ក្នុងការពង្រីកកងទ័ព។
ជាមួយគ្នា ក្រសួងការពារជាតិអូស្ត្រាលីក៏បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ផែនការមួយនេះគឺនឹងជួយទ្រទ្រង់ និងបង្កើតការងារបានប្រហែល ២ ១០០កន្លែង ខណៈយានយន្តចំបាំងទាំងអស់ នឹងត្រូវសាងសង់នៅរោងចក្ររបស់ក្រុមហ៊ុន Hanwha នៅទីក្រុង Geelong នៃរដ្ឋ Victoria៕