Apple ដាក់ផែនការធំ គ្រោងផលិត iPhone ច្រើនជាង ៥០លានគ្រឿងនៅឥណ្ឌា

អន្តរជាតិ

កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple Inc មានគម្រោងការខ្នាតយក្ស នៅរោងចក្រនៃប្រទេសឥណ្ឌា ពោលគឺចង់ផលិតទូរស័ព្ទ iPhone ច្រើនជាង ៥០លានគ្រឿងក្នុងមួយឆ្នាំនៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាបច្ចុប្បន្នរោងចក្ររបស់ Apple នៅឥណ្ឌា កំពុងស្ថិតក្រោមការសាងសង់មែន ប៉ុន្តែវាគ្រោងនឹងដំណើរការនាខែមេសាឆ្នាំក្រោយ ខណៈផែនការដ៏ធំរបស់ក្រុមហ៊ុនអាមេរិក​មួយនេះ ដាក់ក្ដីរំពឹងខ្ពស់នៅឥណ្ឌា ដោយសារទីនោះគឺជាទីផ្សារទូរស័ព្ទធំបំផុតទី២លើលោក។

ផែនការផលិតទូរស័ព្ទ iPhone ច្រើនជាង ៥០លានគ្រឿងនៅឥណ្ឌា គឺស្មើនឹង ១/៤ នៃការផលិត iPhone ទាំងអស់របស់ Apple ទូទាំងសកលលោក ហើយពួកគេរំពឹងថា នឹងអាចសម្រេចគោលដៅមួយនេះ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។

សូមជម្រាបបន្ថែមថា ការពង្រីកខ្លួនរបស់ Apple នៅក្នុងទីផ្សារឥណ្ឌា គឺជាផ្នែកមួយនៃផែនការ​របស់ពួកគេ ដើម្បីផ្ដាច់ខ្លួនចេញខ្លះពីចិន ដែលកំពុងគ្រប់គ្រងស្ទើរទាំងស្រុង​នៃសង្វាក់ផលិតកម្ម ក៏ដូចជាមិនចង់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលអាចនាំផល​ប៉ះពាល់ដល់ក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើលោកមួយនេះ៕