លោក Srettha បង្ហើបថាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Tesla កំពុងស្វែងរកដីមកវិនិយោគនៅថៃ

អន្តរជាតិ

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ​ លោក Srettha Thavisin កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថា លោកបានអមដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla ដើម្បីទស្សនាជុំវិញតំបន់ឧស្សាហកម្ម នៅក្នុងប្រទេសកាលពីសប្តាហ៍មុន សម្រាប់ការវិនិយោគដ៏មានសក្តានុពលមួយ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha បានមានប្រសាសន៍ទៀតថា ៖” ខ្ញុំបានធ្វើដំណើរទស្សនកិច្ចជាមួយថា្នក់ដឹកនាំរបស់ Tesla ដើម្បីធ្វើឲ្យពួកគេលង់ចិត្តជាមួយប្រទេសរបស់យើង។ ហើយពួកគេក៏កំពុងស្វែងរកដីទំហំ ២ ០០០ រ៉ៃ (៣២០ ហិកតា) ដើម្បីមកធ្វើការវិនិយោគនាពេលខាងមុខ ផងដែរ”។

គួរឲ្យដឹងថា បន្ទាប់ពីបានជាប់ឆ្នោតឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ កាលពីក្នុងខែសីហា លោក Srettha បានធ្វើដំណើរទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងបានជួបពិភាក្សាជាមួយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ផងដែរ នៅមួយខែក្រោយមក។

ប្រទេសថៃ ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលផលិត និងនាំចេញរថយន្តធំជាងគេនៅក្នុងតំបន់ ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗ រួមមាន Toyota Motor Corp, Isuzu Motors និង Honda Motor បានគ្រប់គ្រងលើវិស័យរថយន្តរបស់ប្រទេសថៃអស់ជាច្រើនទសវត្សរ៍មកហើយ។

ទន្ទឹមនឹងនេះ ប្រទេសក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ កំពុងមានបំណងបំប្លែងប្រហែលមួយភាគបីនៃផលិតកម្មរថយន្តសរុបប្រចាំឆ្នាំរបស់ខ្លួន ឲ្យទៅជារថយន្តអគ្គិសនី EVs នៅឆ្នាំ ២០៣០ ហើយកំពុងរៀបចំធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគសម្រាប់រថយន្ត EV នៅក្នុងប្រទេសរបស់ខ្លួន។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃ បានដាក់ចេញនូវផែនការគាំទ្រមួយចំនួនរួចមកហើយ ដូចជាការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធន ខណ:វិធានការទាំងនេះ បានជួយទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនធំៗ រួមទាំងក្រុមហ៊ុន BYD និង Great Wall Motor ក្នុងការមកបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ នៅក្នុងប្រទេសថៃ៕