មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី០៨ ខែធ្នូថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៤ខាងមុខ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា បើសិនជាលោក ពូទីន ជាប់ឆ្នោតម្ដងទៀត នោះវានឹងក្លាយជាការឈ្នោះឆ្នោត ៥អាណត្តិ ខណៈមេដឹកនាំវ័យ ៧១ឆ្នាំ នឹងអាចបន្តកាន់អំណាចបានកាន់តែយូរ។
“ខ្ញុំមិនលាក់បាំងឡើយ ខ្ញុំនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់សហព័ន្ធរុស្ស៊ីបន្តទៀត”។ នេះបើតាមសម្ដីរបស់លោក ពូទីន បានលើកឡើងនៅចំពោះមុខកងទ័ពរុស្ស៊ី។
សូមជម្រាបដែរថា សម្រាប់ការបោះឆ្នោតគ្រោងធ្វើឡើងខាងមុខ ប្រធានាធិបតីរុស្ស៊ីទំនងមិនមានគូប្រជែងឡើយ ខណៈយោងតាមការកែប្រែច្បាប់រដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២០ មេដឹកនាំរុស្ស៊ីអាចនឹងបន្តកាន់អំណាច រយៈពេលខ្លីបំផុតក៏ត្រឹមឆ្នាំ២០៣៦ ដែរ បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី៕