មេដឹកនាំកំពូលចិន៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ ខណៈតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ កំពុងជាបញ្ហាសំខាន់ ដែលបង្អាក់កំណើនសេដ្ឋកិច្ចចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំកំពូលចិនបាននិយាយថា៖ បច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស កំពុងស្ថិតក្នុងដំណាក់កាលសំខាន់។ វាគឺជារឿងសំខាន់ណាស់ ដែលយើងត្រូវផ្ដោតលើការពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មទំនើប ពង្រីកតម្រូវការក្នុងស្រុក ការពារ និងកាត់បន្ថយហានិភ័យ។

រំលឹកបន្តិចថា សេដ្ឋកិច្ចចិនកំពុងបង្ហាញពីសញ្ញានៃការងើបឡើងវិញបណ្ដើរៗ ពោលកាលពីត្រីមាសទី៣ កំណើនសេដ្ឋកិច្ចចិនមានការកើនឡើង ៤,៩% ខណៈកាលពីខែវិច្ឆិកា ការនាំចេញរបស់ពួកគេ ក៏មានកំណើនឡើងវិញជាលើកដំបូង ក្នុងរយៈពេល ៧ខែចុងក្រោយ​ថែមទៀត។

ជម្រាបបន្ថែមថា សម្រាប់ឆ្នាំ២០២៣ នេះ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក បានដាក់គោលដៅ ទាញយកកំណើនសេដ្ឋកិច្ចឲ្យបាន ៥% បន្ទាប់ពីរងផលប៉ះពាល់ខ្លាំង អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ខណៈសេដ្ឋកិច្ចវិទូជាច្រើនបានសន្និដ្ឋានថា ផែនការមួយនេះនឹងសម្រេចបានដោយងាយ៕