ក្រុមហ៊ុន Honda ប្រមូលរថយន្តចូលឃ្លាំងវិញជាង ១,១៣ លានគ្រឿង ដោយសារបញ្ហាមួយ 

អន្តរជាតិ

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Honda Motor បានដាក់សំណើរទៅកាន់ក្រសួងដឹកជញ្ជូនជប៉ុន ដើម្បីប្រមូលរថយន្តប្រមាណជាង ១,១៣ លានគ្រឿង ដោយសារកំហុសលើម៉ាស៊ីនបូមប្រេង ដែលផលិតដោយក្រុមហ៊ុន Denso Corp ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Today ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសនេះ គឺជាការប្រមូលរថយន្តចុងក្រោយបង្អស់ ដែលបណ្តាលមកពីបញ្ហាបំណែកគ្រឿងរថយន្ត ដែលផលិតដោយក្រុមហ៊ុន Denso ជាមួយនឹងរថយន្តដែលរងផលប៉ះពាល់បានកើនឡើង ៣,៨២ លានគ្រឿងនៅទូទាំងក្រុមហ៊ុនផលិតរថយន្តចំនួន ៨ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក។ 

ជាមួយគ្នានោះ ក្រុមហ៊ុន Honda កំពុងប្រមូលរថយន្តចំនួន ២៥ ម៉ូដែល ដោយមានទាំងរថយន្តធុនតូច N-Box រថយន្តធុនតូច Fit និងរថយន្តធុនតូច Step WGN ផងដែរ ខណៈដែលរថយន្តដែលត្រូវប្រមូលទាំងនោះ គឺបានផលិតឡើងនៅរវាងខែមិថុនាឆ្នាំ ២០១៧ និងខែកញ្ញាឆ្នាំ ២០២០ ។ 

មិនត្រឹមតែប៉ុណ្ណោះ អង្គភាពនៃក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏បាននិយាយផងដែរថា ខ្លួនកំពុងប្រមូលរថយន្តស្ព័រ NSX ចំនួន ២០៤ គ្រឿងសម្រាប់ហេតុផលនេះដូចគ្នា។ 

យ៉ាងណាមិញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តបានរចនាគ្រឿងបន្លាស់ហួសពីដែនកំណត់នៃម៉ូដែល និងអ្នកផលិតវា ដែលនាំឲ្យមានកំហុសក្នុងផ្នែកខ្លះនៃការដំឡើង ជាហេតុបណ្តាលឲ្យមានការប្រមូលរថយន្តមកជួសជុលវិញទ្រង់ទ្រាយធំ៕