អង្គការសហប្រជាជាតិ ហៅកាត់ UN បានប្រកាសអំពាវនាវ សុំជំនួយប្រមាណ ៤៦ពាន់លានដុល្លារ សម្រាប់មូលនិធិជួយដល់មនុស្សរាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិមនុស្សធម៌ជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
នៅក្នុងទិដ្ឋភាពទូទៅផ្នែកមនុស្សធម៌សកលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សជិត ៣០០លាននាក់នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ ដោយសារសង្គ្រាម ភាពអាសន្ននៃបម្រែបម្រួលអាកាសធាតុ និងកត្តាសេដ្ឋកិច្ច។
“ពួកយើងនឹងកំណត់គោលដៅឲ្យបានច្បាស់ពីតម្រូវការសម្រាប់ទីភ្នាក់ងារមនុស្សធម៌ ដែលមានខ្ញុំជាអ្នកតំណាង សម្រាប់មនុស្ស ១៨១លាននាក់ ក្នុងចំណោមមនុស្ស ៣០០លាននាក់”។ នេះបើតាមសម្ដីរបស់ប្រធានជំនួយនៃអង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយ។
រំលឹកបន្តិចថា OCHA បាននិយាយនៅក្នុងការវាយតម្លៃប្រចាំឆ្នាំនៃតម្រូវការមនុស្សធម៌សកលថា ប្រព័ន្ធមនុស្សធម៌ គឺកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារកញ្ចប់ជំនួយមានតិចខ្លាំង ពោលកាលពីឆ្នាំទៅ UN ទទួលបានជំនួយតែជាង ១/៣ នៃទឹកប្រាក់ ៥៧ពាន់លានដុល្លារ ដែលត្រូវការប៉ុណ្ណោះ។
ជាមួយគ្នាប្រធានជំនួយរបស់ UN ក៏បានហៅវាថា ជាការខ្វះខាតថវិកាអាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ និងបានអះអាងថា ការកាត់បន្ថយកញ្ចប់ជំនួយសម្រាប់ឆ្នាំ២០២៤ រឹតតែមានភាពលំបាកថែមទៀត៕