ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែវិច្ឆិកា នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក អ៊ុច លាង អនុប្រធាននាយកដ្ឋានសិក្សាអាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា (IRIC)។
នៅក្នុងបទសម្ភាសជាមួយគេហទំព័រ Domrey News លោក អ៊ុច លាង បាននិយាយទៀតថា នេះជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២ ហើយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។
ដំណើរទស្សនកិច្ចនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។
លោក អ៊ុច លាង ក៏បានរំលឹកឡើងវិញផងដែរនូវជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងវេទិកាតំបន់ និងអន្តរជាតិនាពេលថ្មីៗនេះ ព្រមទាំងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ផងដែរ។
ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជិតខាងនេះ ត្រូវបានគេរំពឹងទុកថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាដើម។
យោងតាមលោក អ៊ុច លាង បានបង្ហាញទៀតថា តាមរយៈដំណើរទស្សនកិច្ចនេះ មិត្តភាពប្រពៃណីកម្ពុជា-វៀតណាម នឹងបន្តបណ្តុះនៅថ្នាក់រដ្ឋាភិបាល ក្នុងចំណោមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនតែម្តង៕