យោងតាមក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានបង្ហាញឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា ឱនភាពថវិកាក្នុងប្រទេសរបស់ខ្លួន បានកើនឡើងដល់ចំនួន ១៦,៦ពាន់លានស៊ីគែល (Shekel) ឬប្រមាណ ៤,៥ពាន់លានដុល្លារ គិតនៅក្នុងខែវិច្ឆិកា ដោយសារតែការចំណាយកើនឡើងខ្លាំង នៅក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស ក្នុងតំបន់កាហ្សាស្រ្ទីប។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ទៀតថា ដោយគិតជាភាគរយនៃ GDP ឱនភាពថវិកាក្នុងរយ:ពេល ១២ខែកន្លងទៅ គិតមកទល់ខែវិច្ឆិកាឆ្នាំនេះ បានកើនឡើងដល់ ៣,៤% ដល់ចំនួន ៦២,៣ពាន់លាន shekel ។
ទន្ទឹមនឹងនេះ ប្រភពពីក្រសួងហិរញ្ញវត្ថុ បាននិយាយទៀតថា ឱនភាពថវិកាសម្រាប់ឆ្នាំ ២០២៣ នេះ នឹងបញ្ចប់ទៅប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប ពោលគឺនឹងលើសពីគោលដៅរំពឹងទុកចំនួន ០,៩% ឬប្រហែលតែ ១៦,៩ពាន់លានដុល្លារ ក្នុងថវិកាដែលត្រូវបានអនុម័តដោយសមាជិកសភា កាលពីខែឧសភាកន្លងទៅ។
មិនតែប៉ុណ្ណោះក្រសួង ក៏បានកត់សម្គាល់ទៀតថា ប្រាក់ចំណូលសរុបរបស់អ៊ីស្រាអែលបានធ្លាក់ចុះ ១៥,៦% កាលពីខែមុន ដោយសារតែការពន្យារពន្ធដែលបណ្តាលមកពីបញ្ហាសង្គ្រាមដែលត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី៧ ខែតុលាមមក។
គួរឲ្យដឹងផងដែរថា ប្រាក់ចំណូលប្រចាំខែវិច្ឆិកាមានចំនួនត្រឹម ៣០,៣ពាន់លានដុល្លាប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតប្រចាំខែ ក្នុងឆ្នាំ ២០២៣នេះ។ ហើយសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំនេះវិញ ប្រាក់ចំណូលសរុបទទួលបាន ៤០១,៥ពាន់លានដុល្លា ពោលគឺទាបជាង ៦,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សរុបជារួមមក ចំពោះបញ្ហាសង្រ្គាមត្រូវបានគេរំពឹងថានឹងបន្តទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែលទាំងនៅក្នុងឆ្នាំ ២០២៣នេះ និង ២០២៤ ខាងមុខ ខណ:ពេលដែលក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលអ៊ីស្រាអែល បានព្យាករថាមានកំណើនសេដ្ឋកិច្ចត្រឹមតែ ២% ប៉ុណ្ណោះនៅឆ្នាំនេះ និងពី ១,៦% ទៅ ២% នៅឆ្នាំ ២០២៤៕