កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននឹងកំពុងធ្វើការ ដើម្បីប្រឆាំងនូវការគំរាមកំហែង ចំពោះលទ្ធិប្រជាធិបតេយ្យអាមេរិក ដែលមិនធ្លាប់មានពីមុនមក ជាកិច្ចឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលធ្លាប់ប្រកាសក្ដែងៗ ចង់ក្លាយជាជនផ្តាច់ការមួយថ្ងៃ បើសិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកទី២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
កាលពីសប្តាហ៍មុន អតីតប្រធានាធិបតីអាមេរិករូបនេះ បានផ្តល់បទសម្ភាស៍ជាមួយសារព័ត៌មាន Fox News ថា លោកមិនមានបំណងក្លាយជាជនផ្តាច់ការរហូតឡើយ ក៏ប៉ុន្តែប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតីជាលើកទីពីរមែននោះ លោកនឹងប្រើប្រាស់អំណាចផ្តាច់ការត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នា នៅពេលត្រូវបានគេសាកសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមានលោក Andrew Bates បាននិយាយថាលោក បៃដិន កំពុងធ្វើការដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក និងដើម្បីបង្រួបបង្រួមប្រជាជននៃទស្សនៈនយោបាយទាំងអស់ ប្រឆាំងនឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក។
គួរជម្រាបដែរថា លោក ដូណាល់ ត្រាំ គឺជាបេក្ខជននាំមុខគេរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៤ ខាងមុខ។ លោកបានសន្យាជារឿយៗថា នឹងសងសឹកប្រឆាំងចំពោះគូប្រជែងនយោបាយ ប្រសិនបើគាត់មានឱកាសទទួលបានអំណាចម្តងទៀត៕