នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីជាច្រើនរូបរួមមាន រដ្ឋមន្ត្រីការបរទេស ការពារជាតិ និងថាមពល ក៏ដូចជាការតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុទីពីរ ខណៈដែលលោកកំពុងកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីបានមួយឆ្នាំ។
សារព័ត៌មាន CNA បានចុះផ្សាយថា នៅក្នុងចំណោមការផ្លាស់ប្តូរជាច្រើន លោក អាន់វ៉ា បានតែងតាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មដំណាំំ និងទំនិញម៉ាឡេស៊ីថ្មី ហើយក៏បានផ្លាស់ប្តូរឧបនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក Fadillah Yusof ទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរថាមពល និងប្រើប្រាស់សាធារណៈវិញ។
មួយវិញទៀត លោកក៏បានផ្លាស់ប្តូរលោក Mohamad Hasan ដែលជាអនុប្រធានគណបក្ស United Malay National Organisation (UMNO) ពីរដ្ឋមន្ត្រីការពារជាតិ ទៅជារដ្ឋមន្ត្រីការបរទេសផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ លោក Anwar ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បានតែងតាំងលោក Amir Hamzah Azizan ដែលជានាយកប្រតិបត្តិនៃមូលនិធិសោធននិវត្តន៍ដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ទៅកាន់មុខតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុទីពីរ។
ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានតាមរយៈកញ្ចក់ទូរទស្សន៍ថា៖ ក្រសួងហិរញ្ញវត្ថុ ក្រៅពីត្រូវបានដឹកនាំដោយខ្ញុំ ត្រូវតែមានក្រុមដែលមានជំនាញវិជ្ជាជីវៈដ៏រឹងមាំ ដើម្បីធានាថាយើងកំពុងដើរលើផ្លូវត្រូវ និងផ្តោតលើសេដ្ឋកិច្ច។
គួរជម្រាបផងដែរថា លោក Anwar បានមើលឃើញអំពីការធ្លាក់ចុះនៅក្នុងការស្ទង់មតិជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលមានការព្រួយបារម្ភអំពីសេដ្ឋកិច្ច និងអតិផរណា ក៏ដូចជាការធ្វើកំណែទម្រង់នយោបាយដែលលោកបានសន្យា ស្ថិតក្នុងល្បឿនមួយដ៏យឺតនៅឡើយ៕