យោងតាមរបាយការណ៍បញ្ចេញដោយគេហទំព័រ Xinhua បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២២ មានការកើនឡើងរហូតដល់ ២៣៤,៩២ពាន់លានដុល្លារ ខណៈគិតត្រឹមរយៈពេល ១០ខែដំបូងក្នុងឆ្នាំ២០២៣វិញ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាម ទទួលបាន ១៨៥ពាន់លានដុល្លារ។
ជាមួយគ្នា ផលិតផលដែលវៀតណាមសម្រេចការនាំចេញច្រើនបំផុតទៅកាន់ប្រទេសចិន គឺជាគ្រឿងអេឡិចត្រូនិក ដែលនាំចេញរហូតដល់ ៣២,៧ពាន់លានដុល្លារកាលពីឆ្នាំទៅ ស្របពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនក៏សម្រុកការនាំចូលផ្លែឈើ និងបន្លែពីវៀតណាមច្រើនផងដែរ ពោលកាលពីឆ្នាំ២០២២ ចិននាំចូលផ្លែឈើ និងបន្លែពីវៀតណាម ១,៦ពាន់លានដុល្លារ។
ដោយឡែក ផលិតផលដែលវៀតណាមនាំចូលច្រើនបំផុតពីប្រទេសចិន គឺជាគ្រឿងបង្គុំអេឡិចត្រូនិកដូចគ្នា ដែលនាំចូលរហូតដល់ ៤៩,៦៤ពាន់លានដុល្លារ ខណៈការនាំចូលសរុបពីចិន គឺមានចំនួន ១៤៦,៩៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Tradingeconomics។
គួសបញ្ជាក់ដែរថា ប្រទេសចិន និងវៀតណាម មានទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អបំផុតមួយ ពោលចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមទូទាំងពិភពលោក ស្របពេលវៀតណាមវិញ ក៏ជាដៃគូពាណិជ្ជកម្មធំដាច់គេរបស់ចិន ក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ៕