ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅថ្ងៃរសៀលនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ គឺពីចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ដំណើរទៅដល់របស់ប្រធានរដ្ឋចិន ត្រូវបាននាយករដ្ឋមន្រ្តីលោក Pham Minh Chinh ទៅស្វាគមន៍ដល់កាំជណ្តើរយន្តហោះតែម្តងនៅអាកាសយានដ្ឋានអន្តរជាតិ ណយបាយ ដើម្បីធ្វើបដិសណ្ឋារកិច្ចវត្តមានលោក ស៊ី ជិនពីង និងភរិយា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ព្រមទាំងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ។

នេះជាដំណើរទស្សនកិច្ចលើកទី៣របស់លោក សុី ជិនពីង ក្នុងនាមជាអគ្គលេខាធិការ និងជាប្រធានាធិបតីចិន ខណៈវាគឺជាដំណើរទស្សនកិច្ចទៅវិញទៅមក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។

បើតាមកាសែត Vietnamplus បានលើកឡើងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងរវាងបក្សនិងរដ្ឋទាំងពីរ ដោយបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរនូវសារៈសំខាន់ និងអាទិភាពកំពូលក្នុងការបង្រួបបង្រួមទំនាក់ទំនងវៀតណាម – ចិន ឱ្យអភិវឌ្ឍយ៉ាងរឹងមាំ ស្ថិរភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ លើសពីនេះ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម – ចិន កំពុងអភិវឌ្ឍយ៉ាងវិជ្ជមានលើគ្រប់វិស័យ៕