ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងធ្វើដំណើរទៅកាន់ប្រទេសហូឡង់ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់មួយ ដើម្បីផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ចំពោះដំណើរទសន្សកិច្ចនេះផងដែរ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងហើយរបស់មេដឹកនាំកូរ៉េខាងត្បូង ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ១៩៦១ ហើយបានកសាងភាពជាដៃគូដោយផ្តោតទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្រ្ត និងវប្បធម៌។
គួរឲ្យដឹងថា កូរ៉េខាងត្បូង និងហូឡង់ គឺជាតួអង្គដ៏សំខាន់ក្នុងវិស័យបន្ទះឈីបសកល ខណ:ពេលដែលលោក Yoon បាននិយាយនៅមុនដំណើរទស្សនកិច្ចនេះថា ការជំរុញកិច្ចសហប្រតិបត្តិការ គឺមានសារៈសំខាន់ខ្លាំង នៅពេលដែលការប្រកួតប្រជែងជាសកលលើបច្ចេកវិទ្យាកំពុងកើនឡើងខ្លាំង ដោយបន្ទះឈីបឥឡូវនេះគឺជាចំណុចស្នូលនៃភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ជុំវិញដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់នេះ លោក Yoon នឹងត្រូវទៅទស្សនាកន្លែងផលិតរបស់ ASML ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបទំនើបឈានមុខគេ របស់ពិភពលោក។
យោងតាមការិយាល័យប្រធានាធិបតី បានបង្ហាញឲ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee និងប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won ក៏នឹងចូលរួមជាមួយ លោក Yoon ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ASML ផងដែរ៕