ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Changan គ្រោងចាប់ផ្តើមផលិតកម្មនៅក្នុងប្រទេសថៃ 

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Changan Automobile គ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីប្រភេទ SUV ពីរោងចក្ររបស់ខ្លួនក្នុងខេត្តរ៉ាយ៉ុង នាត្រីមាសទីមួយឆ្នាំ ២០២៥ ខាងមុខ ស្របពេលដែលទីផ្សាររថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ កាន់តែមានការប្រកួតប្រជែងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Mr Shen, centre, and Changan executives announce a plan to market locally-made electric SUVs during the Bangkok International Motor Expo.

លោក Shen Xinghua ជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Changan Auto Sales (Thailand) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan Automobile បាននិយាយថា៖ យើងនឹងមិនត្រឹមតែផលិតរថយន្តប្រភេទ SUV នៅទីនេះនាឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេ ដែលយើងនឹងដាក់បង្ហាញរថយន្តម៉ូដែលថ្មីជាផ្លូវការ។ 

លោកបានបន្ថែមទៀតថា Changan គ្រោងនឹងផលិតរថយន្ត EV ឲ្យបានចំនួន ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយជំហានដំបូងក្រុមហ៊ុននឹងដាក់គោលដៅផលិតរថយន្តប្រភេទ SUV ពី ៣០ ០០០ គ្រឿងទៅ ៥០ ០០០ គ្រឿង។ មួយវិញទៀត Changan គ្រោងនឹងបង្កើនថវិកាវិនិយោគរបស់ខ្លួនដល់ចំនួន ១០ ពាន់លានបាត សម្រាប់ការពង្រីកអាជីវកម្មពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ផងដែរ។ 

កន្លងមក ក្រុមហ៊ុនបានទិញដីចំនួន ៤០ ហិកតាដើម្បីសាងសង់រោងចក្ររបស់ខ្លួន នៅក្នុងបរិវេណឧស្សាហកម្មនៅរ៉ាយ៉ុង ខណៈដែលលោក Shen បាននិយាយថា ក្រុមហ៊ុននឹងទិញដីទំហំំ ៤៨ ហិកតាបន្ថែមទៀត ដើម្បីសាងសង់កន្លែងផលិតកម្ម បន្ទប់តាំងបង្ហាញរថយន្ត ឃ្លាំងគ្រឿងបន្លាស់រថយន្ត និងការិយាល័យអនុវត្តផែនការទីផ្សារ។ 

ប្រធានក្រុមហ៊ុនរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា៖ មានក្រុមហ៊ុនរថយន្តរបស់ចិនចំនួន ៧ក្រុមហ៊ុន ព្រមទាំងម៉ូដែលប្រមាណជា ៣០ បានដាក់លក់រថយន្តរបស់ពួកគេរួចហើយក្នុងប្រទេសថៃ។ នេះវាពិតជាអង្រួនឧស្សាហកម្មរថយន្ត និងជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តពិភពលោកផ្សេងៗទៀត ចូលរួមក្នុងការប្រកួតប្រជែងនេះ។ 

គួរជម្រាបផងថា ក្រុមហ៊ុន Changan បានដាក់ក្តីរំពឹងថា ការលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ នឹងអាចមានចំនួនចាប់ពី ២០ ០០០ គ្រឿងទៅ ៣០ ០០០ គ្រឿងនៅឆ្នាំក្រោយ បើទោះជាបីជាអត្រាការប្រាក់ខ្ពស់ និងលក្ខណៈវិនិច្ឆ័យនៃការផ្តល់ប្រាក់កម្ចីកាន់តែតឹងរ៉ឹង ពីធនាគារជាកូនបំណុលគ្រួសារក៏ដោយ៕