នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយនាថ្ងៃទី១៣ ខែធ្នូនេះថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា មិនមែនជាឧបសគ្គរារាំងដល់ការធ្វើអាជីវកម្មណាមួយឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការលើកឡើងបែបនេះរបស់លោក Srettha គឺកើតឡើង បន្ទាប់ពីគណៈកម្មាធិការប្រាក់ឈ្នួលរបស់មន្ត្រីរដ្ឋាភិបាល តំណាងការងារ និងធុរកិច្ច ឯកភាពដំឡើងប្រាក់ឈ្នួលអប្បបរមា ២,៣៧% ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះថា ការដំឡើងមានតិចតួចពេក។
ជាមួយគ្នា លោក Srettha ក៏បានបង្ហើបដែរថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងមិនបង្អាក់ការរកស៊ីនៅក្នុងស្រុកឡើយ ផ្ទុយទៅវិញវានឹងជះឥទ្ធិពលវិជ្ជមាន បើសិនជារៀបចំឲ្យបានត្រឹមត្រូវ។
រំលឹកបន្តិចថា កាលពីសប្ដាហ៍មុន គណៈកម្មាធិការប្រាក់ឈ្នួលថៃបានឯកភាព ដំឡើងប្រាក់ឈ្នួលពី ៣២៨ និង៣៥៤បាតក្នុងមួយថ្ងៃ រហូតដល់ ៣៣០ និង៣៧០បាតក្នុងមួយថ្ងៃ ដែលខុសពីការផ្សព្វផ្សាយរបស់គណបក្សភឿថៃ ធ្លាប់បានឃោសនាថា បើសិនជាពួកគេកាន់អំណាច ប្រាក់ឈ្នួលអប្បបរមា នឹងទទួលបាន ៤០០បាតក្នុងមួយថ្ងៃ។