រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Andi Amran Sulaiman បាននិយាយកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំដីចំនួន ១ លានហិកតា នៅក្នុងខេត្ត Papua សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ក្នុងការមកសាងសង់រោងចក្រស្ករស។
ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិ Antara លោក Sulaiman បាននិយាយថា ជាមួយនឹងផ្ទៃដី ១ លានហិកតា ប្រទេសឥណ្ឌូនេស៊ី រំពឹងអាចទាក់ទាញក្រុមហ៊ុនជាច្រើនមកបណ្តាក់ទុនក្នុងប្រទេសរបស់ខ្លួន។ ដោយរោងចក្រផលិតស្ករសមួយ អាចត្រូវការផ្ទៃដីចន្លោះពី ២០ ទៅ ៤០ ហិកតា និងមានសមត្ថភាពផលិតស្ករអំពៅបានប្រហែល ១២ ០០០ តោនក្នុងមួយថ្ងៃ។
រដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងមិនកំណត់ចំនួនអ្នកវិនិយោគក្នុងស្រុក និងបរទេសដែលមានគម្រោងសាងសង់រោងចក្រស្ករក្នុងប្រទេសឥណ្ឌូនេស៊ីនោះឡើយ ពោលគោលដៅធំរបស់រដ្ឋាភិបាល គឺតម្រូវឲ្យមានរោងចក្រថ្មីៗ ចន្លោះពី ២០ ទៅ ៣០ ដើម្បីធានាបាននូវតម្រូវការប្រើប្រាស់ក្នុងស្រុក និងលើកកម្ពស់ដល់ការនាំចេញ។
ជម្រាបជូនផងដែរថា ចំពោះគម្រោងនេះ អាចនឹងមានការចំណាយរហូតដល់ ៣ទ្រីលានរូពី (ប្រហែល ១៩២,៧លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រស្ករសមួយ ដែលមានសមត្ថភាពអាចផលិតបាន ១២ ០០០ តោនក្នុងមួយថ្ងៃ៕