សកម្មជន ប្រែក្លាយជាសមាជិកសភានៃប្រទេសថៃមួយរូប គឺអ្នកនាង Rukchanok Srinork វ័យ២៩ឆ្នាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកនាង Rukchanok នឹងបាត់បង់សមាសភាព ជាសមាជិកសភាថៃ បើសិនជាតុលាការមិនយល់ព្រមសំណើ សុំនៅក្រៅឃុំរបស់នាងនាថ្ងៃទី១៣ ខែធ្នូនេះទេ ស្របពេលក្រុមមេធាវីបានបង្ហើបថា នាងនឹងប្តឹងឧទ្ធរណ៍ការកាត់ទោសនេះ។
រំលឹកបន្តិចថា នេះគឺជាច្បាប់តឹងរ៉ឹងបំផុតមួយក្នុងពិភពលោក ដោយការពារព្រះមហាក្សត្រ ម្ចាស់ក្សត្រី អ្នកស្នងមរតក និងរាជានុសិទ្ធិរបស់ប្រទេសថៃ ពីការរិះគន់ និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ សម្រាប់បុគ្គលទាំងឡាយណាដែលយល់ថាប្រមាថដល់រាជានិយម។
គូសបញ្ជាក់ថា អ្នកនាង Rukchanok ត្រូវបានតុលាការផ្ដន្ទាទោស ពីការបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីឆ្នាំ២០២០ ដែលនាងបានរិះគន់ទៅលើក្រុមហ៊ុនមួយ គ្រប់គ្រងដោយព្រះមហាក្សត្រ King Maha Vajiralongkorn សម្រាប់ការផលិតវ៉ាក់សាំងកូវីដ ១៩៕