ក្រុមហ៊ុនចិនជាប់បំណុល Country Garden លក់ភាគហ៊ុន បានទឹកប្រាក់ជាង ៤២០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Country Garden បានប្រកាសនាថ្ងៃទី១៤ ខែធ្នូនេះថា ពួកគេបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gold Ease Global ប្រមាណ ១,៧៩% ទៅកាន់ក្រុមហ៊ុន Zhuhai Wanda Commercial Management Group ក្នុងទំហំទឹកប្រាក់ ៣,០៧ពាន់លានយ៉ន់ ឬប្រមាណ ៤២៨លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសលក់ភាគហ៊ុនដ៏តក់ក្រហល់មួយនេះ កើតឡើងចំពេញ Country Garden កំពុង​ត្រូវបានក្រុមម្ចាស់បំណុលតាមទារលុយ ខណៈវិស័យអចលនទ្រព្យនៅចិនក៏កំពុង​ប្រឈម​ហានិភ័យកាន់តែខ្លាំងថែមទៀត។

ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះបាននិយាយថា ពួកគេនឹងប្រើប្រាស់ថវិកា ដែលបានមកពីការលក់ទាំងនេះ ទៅរៀបចំរចនាសម្ព័ន្ធបំណុល ជាមួយម្ចាស់បំណុលបរទេស​ឡើងវិញ។

គួររំលឹកបន្តិចថា បច្ចុប្បន្នក្រុមហ៊ុន Country Garden កំពុងមានបំណុលជាប់ខ្លួន ប្រហែល ១៩០ពាន់លានដុល្លារ និងមានគម្រោងការច្រើនជាង ៣ ០០០ ដែលកំពុងស្ថិតនៅក្រោម​ការសាងសង់នៅឡើយ។

កន្លងមក Country Garden តែងតែព្យាយាមដោះស្រាយជាមួយម្ចាស់បំណុល តាមរយៈការរៀបចំ​រចនាសម្ព័ន្ធបំណុល ប៉ុន្តែភាគីទាំងសងខាងមិនទាន់ឈានដល់​កិច្ចព្រមព្រៀងជាផ្លូវការ ជុំវិញការ​ដោះស្រាយបញ្ហាមួយនេះនៅឡើយទេ៕