ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅវៀតណាម គឺ FPT បានប្រកាសពីផែនការបណ្ដាក់ទុននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ប្រមាណ ១០០លានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យារថយន្តនៅទីនោះ។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ក្រុមហ៊ុនថ្មីដែលនឹងលេចរូបរាងនៅរដ្ឋតិចសាស់ គឺមានឈ្មោះថា FPT Automotive ដែលត្រៀមបម្រើសេវាកម្ម ទៅកាន់ក្រុមហ៊ុនរថយន្តធំៗដូចជា Hyundai និង Honda។
“ពួកយើងបានត្រៀមលុយ ១០០លានដុល្លារ ដើម្បីវិនិយោគនៅរយៈពេល ៥ឆ្នាំខាងមុខ។ ក្រុមហ៊ុននឹងផ្ដល់អាទិភាពសម្រាប់ទីផ្សារយុទ្ធសាស្ត្រ ដូចជានៅអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងវៀតណាម”។ នេះបើតាមសម្ដីរបស់លោក Pham Minh Tuan នាយកប្រតិបត្តិនៃក្រុមហ៊ុន FPT Software បានលើកឡើង។
សូមជម្រាបបន្ថែមថា FPT Automotive គឺមានអតិថិជនធំៗដូចជា Hyundai, Honda, Volvo និងក្រុមហ៊ុនរថយន្តក្នុងស្រុក VinFast ហើយក្រុមហ៊ុនមួយនេះមានមហិច្ឆតា ចង់ក្លាយជាអ្នកផ្ដល់សេវាកម្មបច្ចេកវិទ្យា និងផលិតផល ដែលមានតម្លៃរហូតដល់ខ្ទង់ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ថែមទៀតផង៕