រដ្ឋមន្ត្រីជប៉ុនចំនួនបីរូប បានលាលែងចេញពីតំណែងនៅថ្ងៃព្រហស្បតិ៍ ចំពេលមានរឿងអាស្រូវថវិកានយោបាយ ទាក់ទិននឹងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាចសព្វថ្ងៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។
ទូរទស្សន៍ NHK ក៏បាននិយាយផងដែរថា រដ្ឋមន្ត្រីចំនួនបីរូប ដែលបានដាក់លិខិតលាលែងចេញពីតំណែងនោះរួមមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងលោក Junti Suzuki និងលោក Inchiro Miyashita ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
ទន្ទឹមនឹងនោះ តាមរយៈរបាយការណ៍បាននិយាយថា ប្រធានខុទ្ទកាល័យលោក Hirokazu matsuno ត្រូវបានគេរំពឹងថានឹងចុះចេញពីតំណែងដូចគ្នា។
គូសបញ្ជាក់ថា ថ្មីៗនេះ LDP កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាទីបំផុត ចំពេលមានការចោទប្រកាន់ពីបទខកខានក្នុងការរាយការណ៍ អំពីប្រាក់ចំណូលរាប់រយលានយ៉េន ដែលរកបានពីព្រឹត្តិការណ៍នានា នៅក្នុងរបាយការណ៍មូលនិធិនយោបាយ។
រំលឹកបន្ថែមថា រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដោយចាប់ផ្តើមសាកសួរសមាជិកសភារាប់សិបនាក់សម្រាប់ការចោទប្រកាន់ថា បានកិបកេងលុយប្រហែល ៥០០លានយ៉េន ឬប្រមាណ ៣,៥លានដុល្លារ ក្នុងការរៃអង្គាសប្រាក់ដែលបាត់ពីគណនីគណបក្ស៕